ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ក្នុងពេលគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បន្តពិនិត្យបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បានរកឃើញឈ្មោះបេក្ខជនមួយចំនួនមានភាពមិនប្រក្រតី។
ក្នុងពេលគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត កំពុងដំណើរការពិនិត្យបញ្ជីបេក្ខជន របស់ គណបក្សនយោបាយ ក៏ដូចជាការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់BTVថា ក្នុងចំណោមគណបក្សនយោបាយ ដែលបានចុះឈ្មោះបេក្ខជនរបស់ខ្លួន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ចំនួន១៧គណបក្ស គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានរកឃើញភាពមិនប្រក្រតីទៅលើឈ្មោះបេក្ខជនមួយចំនួន ដែលសាម៉ីខ្លួននោះ បានបដិសេធអំពីបញ្ជី ដែលបានបិទផ្សាយតាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។
ចំពោះដំណាក់កាល និងនីតិវិធីទាំងមូល ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា បញ្ជីបេក្ខជនរបស់គណបក្សនេះ មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋ ដើម្បីបានជ្រាបអំពីសមាសភាព ដែលនឹងត្រូវប្រកួតប្រជែងជាក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្រោយការពិនិត្យទៅលើបញ្ជីឈ្មោះបេក្ខជន របស់គណបក្សនយោបាយ រយៈពេលមួយសប្តាហ៍ នៅថ្ងៃទី៦-៨ ខែមេសា គ.ជ.ប នឹងបិទផ្សាយបញ្ជីបេក្ខជនដំបូង នៅតាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ខណៈថ្ងៃទី២៤ ខែមេសា គ.ជ.ប នឹងបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ហើយប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួនជិត ១០លាននាក់ ខណៈការិយាល័យដំណើរ ការរៀបចំការបោះឆ្នោតនាពេលខាងមុខ មានចំនួនជាង២ម៉ឺនការិយាល័យ នៃឃុំ-សង្កាត់នៅទូទាំងប្រទេស សរុបចំនួន១,៦៥២ឃុំ-សង្កាត់៕ អត្ថបទ៖ សេក ឧត្តម