សមាជិកសភាក្រុមធំទី២ របស់ប្រទេសប៊ុលហ្គារី គឺគណបក្សកំណែទម្រង់ PP-DB នៅថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) នេះ បានបដិសេធសំណើពីប្រធានាធិបតី ដើម្បីឲ្យព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ដោយនេះធ្វើឲ្យលទ្ធភាពនៃការបោះឆ្នោតមុនអាណត្តិមានកាន់តែខ្ពស់ នៅក្នុងរដ្ឋសមាជិកក្រីក្របំផុតរបស់សហភាពអឺរ៉ុបមួយនេះ។
រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រី លោក Rosen Zhelyazkov ដែលគាំទ្រដោយគណបក្ស GERB-SDS បានចុះចេញពីតំណែងកាលពីខែមុន បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវអស់រយៈពេលជាច្រើនសប្តាហ៍ប្រឆាំងនឹងអំពើពុករលួយ និងកញ្ចប់ថវិកាថ្មីរបស់រដ្ឋ។
ស្របតាមរដ្ឋធម្មនុញ្ញ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev កាលពីថ្ងៃចន្ទ បានស្នើសុំជាផ្លូវការទៅក្រុមអភិរក្សនិយម គឺគណបក្ស GERB-SDS ឲ្យបង្កើតរដ្ឋាភិបាល តែពួកគេបានបដិសេធ។ ហើយបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ BTA បានឲ្យដឹងថា នៅថ្ងៃពុធនេះ គណបក្ស PP-DB ដែលស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ក៏បានបដិសេធអាណត្តិនេះផងដែរ។
ឥឡូវនេះ លោក Radev ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសឲ្យគ្រប់គ្រងប្រទេសទៅគណបក្សមួយផ្សេងទៀត ហើយបន្ទាប់មកប្រសិនបើពួកគេបដិសេធទៀតនោះ លោកនឹងត្រូវប្រកាសការបោះឆ្នោតមុនអាណត្តិ ដែលជាការបោះឆ្នោតលើកទី៨ របស់ប្រទេសប៊ុលហ្គារី ក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំប៉ុណ្ណោះ៕