ឧត្តរមានជ័យ៖ ដើម្បីលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះពលិកម្មដ៏ធំធេងក្នុងការបម្រើជាតិមាតុភូមិ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្ត្រីកងឯកភាពកំចាត់មីនទី១ (ស៊ីម៉ាក់) ដែលកំពុងបំពេញបេសកកម្មឈរជើងយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមករាឆ្នាំ២០២៦នេះ។
លោក នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនកម្ពុជា (CMAC) ប្រចាំខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា លទ្ធផលស្រាវជ្រាវ និងដាក់ស្លាកសញ្ញា តាមភូមិគោលដៅដែលរងផលប៉ះពាល់ ដោយសារសង្គ្រាម ចំនួន ១៤៥ភូមិ ១/រកឃើញទីតាំង និងដាក់ស្លាកសញ្ញាបានចំនួន៨២៤ទីតាំង ២/រកឃើញគ្រាប់លើដី និងដាក់ស្លាកសញ្ញាបានចំនួន៥៧ទីតាំង៣/រកឃើញគ្រាប់ក្នុងដី និងដាក់ស្លាកសញ្ញាបានចំនួន៦៤ទីតាំង ៤/រកឃើញរណ្តៅគ្រាប់ផ្ទុះ និងដាក់ស្លាកសញ្ញាបានចំនួន៧០៣ទីតាំង។
ឯកឧត្តម មាន ចាន់យ៉ាដា លើកឡើងថា ការងារបោសសម្អាតមីនមិនមែនគ្រាន់តែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបំប្លែង ដីដែលបង្កហានិភ័យ ឱ្យទៅជាតំបន់សេដ្ឋកិច្ច ការដាំដុះ និងការតាំងទីលំនៅថ្មី ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ "មន្ត្រីស៊ីម៉ាក់ គឺជាវីរជនដែលហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទី ដើម្បីដកយកគ្រាប់រំសេវដែលបង្កប់ក្នុងដី ចេញពីជីវិតរបស់ប្រជាជន។ បើគ្មានពួកគាត់ទេ យើងក៏មិនអាចមានដីដែលមានសុវត្ថិភាពសម្រាប់សាងសង់លំនៅឋាន សាលារៀន ឬអភិវឌ្ឍន៍វិស័យកសិកម្មបានដូចសព្វថ្ងៃនេះដែរ"។
ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញើឱ្យមន្ត្រីស៊ីម៉ាក់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើសុខភាព និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេសឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលបំពេញបេសកកម្មផងដែរ៕ ឃិនសារិទ្ធ






