យោងតាមការជូនដំណឹងដែលបានបង្ហោះនៅលើគេហទំព័ររបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឲ្យដឹងថា អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្នចំពោះជើងហោះហើរទាំងអស់ លើកលែងតែជើងហោះហើរអន្តរជាតិទៅនិងមកពីអ៊ីរ៉ង់ដោយមានការអនុញ្ញាតជាផ្លូវការ កាលពីថ្ងៃពុធ ទី១៤ ខែមករា។

សេចក្តីជូនដំណឹងបានឲ្យដឹងថា បម្រាមនេះត្រូវបានកំណត់រយៈពេលជាងពីរម៉ោង ប៉ុន្តែអាចត្រូវបានបន្ថែមពេល។ មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋាននៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ទីក្រុងតេអេរ៉ង់បានព្រមានប្រទេសជិតខាងថា ខ្លួននឹងវាយប្រហារមូលដ្ឋានអាមេរិកប្រសិនបើទីក្រុងវ៉ាស៊ីនតោនវាយប្រហារ។

ការបាញ់ស្រោចមីស៊ីល និងយានដ្រូននៅក្នុងតំបន់ជម្លោះកាន់តែកើនឡើង បង្ហាញពីហានិភ័យខ្ពស់ចំពោះចរាចរណ៍ផ្លូវអាកាស។ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសឥណ្ឌា IndiGo បាននិយាយថា ជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួន រងផលប៉ះពាល់ដោយការបិទដែនអាកាសភ្លាមៗរបស់ប្រទេសអ៊ីរ៉ង់។ ជើងហោះហើរមួយដោយក្រុមហ៊ុន Aeroflot របស់រុស្ស៊ី មានទិសដៅទៅកាន់ទីក្រុងតេអេរ៉ង់ បានវិលត្រឡប់ទៅកាន់ទីក្រុងមូស្គូវិញបន្ទាប់ពីការបិទ នេះបើយោងតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24។ កាលពីថ្ងៃពុធ ប្រទេសអាល្លឺម៉ង់បានចេញសេចក្តីណែនាំថ្មីមួយដោយព្រមានក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសមិនឱ្យចូលទៅក្នុងដែនអាកាសរបស់អ៊ីរ៉ង់ ភ្លាមៗបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Lufthansa បានផ្លាស់ប្តូរប្រតិបត្តិការជើងហោះហើររបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ា ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើង។