ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសន័រវេស បាននិយាយកាលពីថ្ងៃពុធ១៤មករាសប្ដាហ៍នេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់បានសម្លាប់ក្រុមបាតុករយ៉ាងហោចណាស់៣.៤២៨ នាក់ក្នុងការបង្ក្រាបបាតុកម្ម ដោយបន្ថែមថា មនុស្សជាង១០.០០០នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។

ក្រុមសិទ្ធិមនុស្សខាងលើ បាននិយាយថា ការកើនឡើងនៃចំនួនអ្នកស្លាប់ដែលបានផ្ទៀងផ្ទាត់របស់ខ្លួនគឺដោយសារតែព័ត៌មានថ្មីដែលខ្លួនទទួលបានពីក្រសួងសុខាភិបាល និងអប់រំ របស់អ៊ីរ៉ង់ ដោយមានយ៉ាងហោចណាស់ ៣.៣៧៩ ករណីនៃការសម្លាប់បានកើតឡើងក្នុងអំឡុងពេលនៃចលនាតវ៉ាដ៏ខ្លាំងក្លាចាប់ពីថ្ងៃទី ៨ដល់១២ ខែមករានេះ ។

លោក Mahmood Amiry-Moghaddam ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សដដែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការសម្លាប់រង្គាលលើក្រុមបាតុករនៅតាមដងផ្លូវក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធតុលាការរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ កំពុងគំរាមកំហែងក្រុមបាតុករពីការប្រហារជីវិតទ្រង់ទ្រាយធំ។

សហគមន៍អន្តរជាតិត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគំរាមកំហែងទាំងនេះ ព្រោះក្រុមមន្ត្រីនៃសាធារណរដ្ឋអ៊ីស្លាមបានប្រព្រឹត្តបទឧក្រិដ្ឋស្រដៀងគ្នានេះនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដើម្បីកាន់អំណាច។
ការអត្ថាធិប្បាយទាំងនោះបានកើតឡើងបន្ទាប់ពីប្រធានតុលាការអ៊ីរ៉ង់បានបង្ហាញសញ្ញាកាលពីថ្ងៃពុធថានឹងមានការកាត់ក្តីយ៉ាងឆាប់រហ័ស និងការប្រហារជីវិតជនសង្ស័យដែលត្រូវបានឃុំខ្លួននៅក្នុងការតវ៉ា ទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីប្រធានាធិបតី Donald Trump ថាសហរដ្ឋអាមេរិកអាចនឹងចាត់វិធានការយោធា ប្រសិនបើអ្នកតវ៉ាត្រូវបានសម្លាប់ក៏ដោយ៕