សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធ ទី១៤ ខែមករា ថា ខ្លួនកំពុងចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា ទោះបីជាធាតុផ្សំសំខាន់ៗនៃដំណាក់កាលទីមួយ រួមមានបទឈប់បាញ់ទាំងស្រុងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែពុំទាន់បានបំពេញក៏ដោយ។

ដំណាក់កាលទីមួយ ត្រូវបានរង្គោះរង្គើដោយបញ្ហាជាច្រើន រួមទាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងតំបន់ហ្កាហ្សា ការបរាជ័យក្នុងការទទួលបានសាកសពចំណាប់ថ្នូរអ៊ីស្រាអែលចុងក្រោយម្នាក់ និងការពន្យារពេលរបស់អ៊ីស្រាអែលក្នុងការបើកឡើងវិញច្រកព្រំដែនតំបន់ហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប។

ដោយបន្តជាមួយនឹងដំណាក់កាលទីពីរ សហរដ្ឋអាមេរិកនិងដៃគូសម្របសម្រួលរបស់ខ្លួន នឹងចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភបន្ថែមទៀតនៃការរំសាយអាវុធរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានបដិសេធមិនព្រមបោះបង់អាវុធរបស់ខ្លួន និងផែនការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ។
ដោយប្រកាសដំណាក់កាលទីពីរនៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតី លោក Donald Trump បាននិយាយថា ខ្លួន «បង្កើតរដ្ឋបាលប៉ាឡេស្ទីនអ្នកជំនាញអន្តរកាលនៅក្នុងតំបន់ហ្កាហ្សា» ហើយនឹងចាប់ផ្តើមដំណើរការរំសាយអាវុធ និងកសាងឡើងវិញ។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់អ្នកសម្របសម្រួល អេហ្ស៊ីប កាតា និងទួរគី បានឲ្យដឹងថា ស្ថាប័នប៉ាឡេស្ទីននឹងមានសមាជិក១៥រូប ហើយនឹងត្រូវបានដឹកនាំដោយលោក Ali Shaath អតីតអនុរដ្ឋមន្ត្រីក្នុងអាជ្ញាធរប៉ាឡេស្ទីនគាំទ្រដោយប្រទេសលោកខាងលិច ដែលធ្លាប់ទទួលបន្ទុកអភិវឌ្ឍតំបន់ឧស្សាហកម្ម។