វាយកូនបាល់៖ ស្ថាប័នវាយកូនបាល់កំពូលបានសម្រេចដាក់ពិន័យកីឡាករលំដាប់លេខ ៣ ពិភពលោក Alexander Zverev រយៈពេល ៨សប្តាហ៍ពីការប្រកួតក្របខណ្ឌ ATP Tour បន្ទាប់ពីកំហឹងដែលឈានដល់វាយកៅអីអាជ្ញាកណ្តាលអំឡុងការប្រកួត Mexican Open កាលពីខែមុន។

កីឡាករអាល្លឺម៉ង់រូបនេះក៏ត្រូវបានពិន័យភ្លាមៗដែរនៅពេលនោះជាទឹកប្រាក់ ៤ម៉ឺនដុល្លារអាមេរិករួមមានការពិន័យ ២ម៉ឺនដុល្លារចំពោះការប្រើពាក្យសំដីមិនសមរម្យ និង ២ម៉ឺនដុល្លារទៀតពីការប្រើហិង្សាកង្វះភាពអ្នកកីឡា ខណៈចំនួនទឹកប្រាក់ពិន័យនេះគឺខ្ពស់បំផុតរបស់ ATP។ កីឡាករអាល្លឺម៉ង់រូបនេះក្រោយមកក៏បានធ្វើការសុំទោសផងដែរ។ សូមបញ្ជាក់ថា Alexander Zverev បានធ្វើការប្រកួតវិញ្ញាសាវាយគូជាមួយដៃគូ Marcelo Melo តែគេមិនពេញចិត្តនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលជាច្រើនលើកច្រើនសារ។ Alexander Zverev ក្រៅពីពិន័យជាទឹកប្រាក់ ក៏ត្រូវបានដកឈ្មោះចេញពីការប្រកួត Mexican Open ផងដែរដែលមានន័យថា គេបាត់បង់ទឹកប្រាក់ ៣ម៉ឺនដុល្លារថែមទៀត និងមិនត្រូវបានបូកបញ្ចូលពិន្ទុទៅក្នុងតារាង ATP Ranking ផងដែរ៕
អត្ថបទ៖នាង សុភាវុធ