ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកដែលកំពុងពន្យារពេលកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយគឺជាអ៊ុយក្រែន មិនមែនរុស្ស៊ីនោះទេ ដែលជាវោហាសាស្ត្រផ្ទុយស្រឡះពីសម្ព័ន្ធមិត្តអឺរ៉ុប ដែលតែងតែអះអាងជាប់ជានិច្ចថា ទីក្រុងមូស្គូមានចំណាប់អារម្មណ៍តិចតួចណាស់ក្នុងការបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅការិយាល័យ Oval Office កាលពីថ្ងៃពុធ (១៤ មករា) លោក Trump បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចរាល់ហើយដើម្បីបញ្ចប់ប្រតិបត្តិការសឹកជិត ៤ឆ្នាំរបស់លោកនៅអ៊ុយក្រែន ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានភាពស្ទាក់ស្ទើរជាង លើរឿងនេះ។

លោក Trump បាននិយាយថា «លោកគិតថា ប្រធានាធិបតីរុស្ស៊ី ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ហើយលោកគិតថា អ៊ុយក្រែនមិនសូវត្រៀមខ្លួនរួចរាល់ទេក្នុងការធ្វើកិច្ចព្រមព្រៀង»។ នៅពេលត្រូវសាកសួរថា «ហេតុអ្វីបានជាកិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិក មិនទាន់ដោះស្រាយជម្លោះទឹកដីដ៏ធំបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរនេះបាន» លោក Trump បានឆ្លើយតបយ៉ាងខ្លីថាគឺ «លោក Zelenskyy»។

ការអត្ថាធិប្បាយរបស់លោក Trump បានបង្ហាញពីភាពខកចិត្តជាថ្មីជាមួយមេដឹកនាំអ៊ុយក្រែន។ ប្រធានាធិបតីទាំងពីរមានទំនាក់ទំនងមិនសូវស្ថិតស្ថេរយូរមកហើយ ទោះបីជាអន្តរកម្មរបស់ភាគីទាំងពីរហាក់ប្រសើរឡើងជាងឆ្នាំដំបូងនៃការវិលត្រឡប់ទៅកាន់តំណែងរបស់លោក Trump ក៏ដោយ៕