គណៈកម្មការអឺរ៉ុប (EC) នៅថ្ងៃពុធ (១៤ មករា) សប្ដាហ៍នេះ បានបើកបង្ហាញសេចក្ដីលម្អិតមួយចំនួនអំពីឥណទានចំនួន ៩០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ក្នុងបំណងជួយសង្គ្រោះទីក្រុងគីវ មិនឱ្យដួលរលំផ្នែកហិរញ្ញវត្ថុ ខណៈប្រទេសនេះបន្តប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ក្នុងពេលដែលជំនួយពីសហរដ្ឋអាមេរិក កំពុងថយចុះ។

សារព័ត៌មាន POLITICO បានរាយការណ៍ថា នៅក្នុងឥណទាននោះ ចំនួនប្រហែល ១ភាគ៣ នៃសាច់ប្រាក់នឹងត្រូវប្រើប្រាស់សម្រាប់ការចំណាយថវិកាធម្មតា ហើយចំណែកនៅសេសសល់ នឹងត្រូវប្រើប្រាស់សម្រាប់វិស័យការពារជាតិ — ខណៈប្រទេសនានាមិនទាន់ព្រមព្រៀងគ្នារួចជាផ្លូវការនៅឡើយទេ ទៅលើថា តើអ៊ុយក្រែន អាចប្រើថវិកានេះដើម្បីទិញអាវុធពីខាងក្រៅប្លុកអឺរ៉ុប បានក្នុងកម្រិតណា។
សំណើនេះ ផ្តល់ការអនុគ្រោះដល់ក្រុមហ៊ុនការពារជាតិសហភាពអឺរ៉ុប ប៉ុន្តែក៏អនុញ្ញាតឱ្យអ៊ុយក្រែន ទិញអាវុធបរទេសផងដែរ ប្រសិនបើអាវុធទាំងនោះមិនមានភ្លាមៗនៅអឺរ៉ុប។ នៅពេលនេះ សមាជិកសភាប្លុកអឺរ៉ុប កំពុងប្រញាប់ប្រញាល់ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ចុងក្រោយ ដែលនឹងបើកផ្លូវឱ្យបញ្ចេញថវិកាក្នុងខែមេសា ខាងមុខនេះ នៅពេលឃ្លាំងអាវុធរបស់អ៊ុយក្រែនរីងស្ងួតអស់។
សេចក្ដីរាយការណ៍បាននិយាយថា កិច្ចប្រជុំរវាងក្រុមមន្ត្រីរតនាគារ និងមន្ត្រីការពារជាតិរបស់សហភាពអឺរ៉ុប ត្រូវបានគ្រោងទុករួចហើយសម្រាប់ថ្ងៃសុក្រ សប្ដាហ៍នេះ ហើយសភាអឺរ៉ុប អាចពន្លឿនវិធានការផ្តល់ប្រាក់កម្ចីឱ្យបានឆាប់បំផុតនៅសប្តាហ៍ក្រោយ៕

