ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ជាថ្មីនៅថ្ងៃពុធ (១៤ មករា) ថា សហរដ្ឋអាមេរិក ត្រូវការកោះហ្គ្រីនលែន (Greenland) ខ្លាំងណាស់ ហើយថា ប្រទេសដាណឺម៉ាក មិនអាចពឹងផ្អែកបានទេក្នុងការការពារកោះនេះ ប៉ុន្តែលោកបាននិយាយថា «អ្វីមួយនឹងដំណើរការទៅដោយរលូន» ទាក់ទងនឹងការគ្រប់គ្រងនាពេលអនាគតនៃទឹកដីក្រៅប្រទេសរបស់ដាណឺម៉ាកមួយនេះ។

ការលើកឡើងទាំងនេះ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយរវាងក្រុមមន្ត្រីអាមេរិក ដាណឺម៉ាក និងហ្គ្រីនលែន ហើយបានបង្ហាញឱ្យឃើញថា ការខ្វែងគំនិតគ្នាជាមូលដ្ឋាននៅតែមានរវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងកូប៉ិនហាក និងទីក្រុងនូក ទៅលើចក្ខុវិស័យអនាគតនយោបាយរបស់កោះនេះ។

ថ្លែងនៅការិយាល័យ Oval Office លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ហ្គ្រីនលែន មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខជាតិអាមេរិក រួមទាំងសម្រាប់សន្តិសុខដាណឺម៉ាកផងដែរ»។ លោកបន្តថា «ហើយបញ្ហានៅត្រង់ថា គ្មានអ្វីដែលដាណឺម៉ាកអាចធ្វើបានចំពោះដែនដីនេះទេ ប្រសិនបើរុស្ស៊ី ឬចិន ចង់កាន់កាប់កោះហ្គ្រីនលែន ប៉ុន្តែអាមេរិក អាចធ្វើបានគ្រប់យ៉ាង។ ដូចដែលបានឃើញរឿងនោះកាលពីសប្តាហ៍មុនជាមួយវ៉េណេស៊ុយអេឡា»។

បន្ទាប់ពីជំនួបដ៏មានហានិភ័យខ្ពស់នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក និងមន្រ្តីហ្រ្គីនលែន បាននិយាយថា អាមេរិក និងដាណឺម៉ាក នឹងបង្កើតក្រុមការងារមួយដើម្បីពិភាក្សាអំពីកង្វល់ជាច្រើនទាក់ទងនឹងកោះនេះ ដែលអាចជួបពិភាក្សាគ្នានៅប៉ុន្មានសប្តាហ៍ខាងមុខ។ ទោះជាបែបនេះក្ដី ក្រុមមន្រ្តីបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន មិនបានដកថយពីជំហររបស់ខ្លួនឡើយ ដែលថា សហរដ្ឋអាមេរិកត្រូវតែយកកោះហ្គ្រីនលែនឱ្យបាន ក្នុងអ្វីដែលដាណឺម៉ាក និងហ្រ្គីនលែន បានពិពណ៌នាថា ជាការរំលោភលើអធិបតេយ្យភាពដែលមិនអាចទទួលយកបានឡើយ៕