មន្ត្រីអឺរ៉ុប ២រូប បាននិយាយកាលពីល្ងាចថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) ថា អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់ អាចនឹងកើតឡើងក្នុងរយៈពេល ២៤ម៉ោងខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

ហើយបើយោងតាមមន្ត្រីអ៊ីស្រាអែលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ក៏បានប្រាប់ឲ្យដឹងផងដែរថា វាហាក់ដូចជាលោក Trump បានសម្រេចធ្វើអន្តរាគមន៍នេះហើយ តែវិសាលភាព និងពេលវេលា នៅមិនច្បាស់លាស់។

ជាមួយគ្នានេះ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក កំពុងដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋានសំខាន់ៗ នៅក្នុងតំបន់ ជាការប្រុងប្រយ័ត្ន ស្របពេលភាពតានតឹង ក្នុងតំបន់ កើនឡើង។

ការលេចចេញនូវព័ត៌មាននេះ កើតឡើងបន្ទាប់ពីមានការកត់សម្គាល់របស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ដែលបានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធថា ទីក្រុងតេអេរ៉ង់បានព្រមានប្រទេសជិតខាងដែលជាទីតាំងឈរជើងរបស់កងទ័ពអាមេរិកថា ខ្លួននឹងកំណត់គោលដៅលើមូលដ្ឋានអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនវាយប្រហារ។
គួរបញ្ជាក់ថា ការព្រមានរបស់លោកប្រធានាធិបតី Trump ទៅកាន់សាធារណរដ្ឋឥស្លាម ពាក់ព័ន្ធនឹងការបង្ក្រាបការតេវ៉ាដោយហិង្សា នៅក្នុងប្រទេស រួមមានទាំងការគំរាមកំហែងប្រើកម្លាំងយោធាដែរ។ ហើយមេដឹកនាំអាមេរិក ក៏បានដាស់តឿនអ៊ីរ៉ង់ផងដែរកុំឲ្យសងសឹកសហរដ្ឋអាមេរិក ដោយនិយាយថា ប្រសិនបើប្រទេសនេះធ្វើដូច្នេះ សហរដ្ឋអាមេរិកនឹងឆ្លើយតបក្នុងកម្រិត «ដែលមិនធ្លាប់មានពីមុនមក»៕