យោងតាមអ្នកនាំពាក្យមួយរូប បានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC បានគ្រោងជួបប្រជុំគ្នានៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) សម្រាប់ "កិច្ចប្រជុំសង្ខេបខ្លីស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់"។ កំណត់ចំណាំនៃកាលវិភាគកិច្ចប្រជុំបាននិយាយថា កិច្ចប្រជុំនេះត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកទទួលបានដំណឹងថា ការកាប់សម្លាប់នៅអ៊ីរ៉ង់ បានថយចុះហើយ នៅក្នុងសុន្ទរកថាដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការបន្ធូរភាពតានតឹង បើទោះបីជាលោកមិនបានច្រានចោលលទ្ធភាពនៃអន្តរាគមន៍យោធាក៏ដោយ។

យ៉ាងណាមិញ របាយការណ៍អំពីការដាក់ពង្រាយយោធាក្នុងតំបន់ របាយការណ៍ជម្លៀស និងការលើកឡើងរបស់ក្រុមមន្ត្រីលោកខាងលិច បានចង្អុលបង្ហាញពី ការវាយប្រហារដែល «ជិតមកដល់»។
របាយការណ៍ក្នុងស្រុកបានឱ្យដឹងថា អាជ្ញាធរអ៊ីរ៉ង់ បានពង្រីកវត្តមានកងកម្លាំងសន្តិសុខយ៉ាងសម្បើមនៅទូទាំងទីក្រុងជាច្រើន ដោយរឹតបន្តឹងការគ្រប់គ្រងដើម្បីទប់ស្កាត់ការតវ៉ាបន្ថែមទៀត នៅក្នុងអ្វីដែលអ្នកស្រុកមួយចំនួននៅអ៊ីរ៉ង់ បានពិពណ៌នាថាជា "បម្រាមគោចរជាក់ស្តែង"៕
