មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានជួបពិភាក្សាជាមួយសមភាគីបរទេសរបស់ពួកគេអំពីការវិវត្តចុងក្រោយបំផុត នៅក្នុងប្រទេសនេះ និងបានថ្កោលទោសចំពោះការជ្រៀតជ្រែកពីបរទេស បន្ទាប់ពីមានភាពចលាចលថ្មីៗនេះ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាកាលពីយប់ថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម លោក Sheikh Abdullah bin Zayed Al Nahyan និងរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានពន្យល់លម្អិតអំពីភាពចលាចលថ្មីៗនេះ នៅទូទាំងប្រទេស និងការស្លាប់ និងរបួសជាបន្តបន្ទាប់ ដោយនិយាយថា ការតវ៉ា «ដោយសន្តិវិធី»របស់ប្រជាជនអ៊ីរ៉ង់ ត្រូវបានជំរុញឲ្យក្លាយជាអំពើហិង្សាដោយបុគ្គលដែលមានទំនាក់ទំនងជាមួយបរទេស។

ក្នុងអំឡុងពេលនៃការសន្ទនា លោក Araghchi បានសង្កត់ធ្ងន់ថា «ភេរវករ» ដែលជំរុញដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាក្នុងអំឡុងពេលតវ៉ា ដោយធានាថា ភាពស្ងប់ស្ងាត់ ត្រូវបានស្តារឡើងវិញ ដោយសារការព្រមព្រៀងរបស់ប្រជាជន និងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់របស់ប្រទេសនេះ។
លោកបានរិះគន់ការអត្ថាធិប្បាយ «បង្កហេតុ»ថ្មីៗនេះ ដោយមន្ត្រីអាមេរិក រួមទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា ជា «ការជ្រៀតជ្រែកយ៉ាងច្បាស់លាស់» នៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខរបស់ប្រទេសនេះ ប្រឆាំងនឹង «ការព្យាបាទ និងការជ្រៀតជ្រែក»ណាមួយពីបរទេស។
នៅក្នុងកិច្ចពិភាក្សារបស់ខ្លួនជាមួយលោករដ្ឋមន្ត្រីការបរទេសបារាំង លោក Araghchi បានអំពាវនាវឲ្យមានការថ្កោលទោសចំពោះការជ្រៀតជ្រែកពីបរទេស នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា៕