អ្នកជំនាញអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធ បានព្រមានថា ការប៉ុនប៉ងឯកតោភាគីណាមួយដើម្បីផ្លាស់ប្តូរឋានៈរបស់ក៉ោះហ្គ្រីនលែន ជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក នឹងមិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព នៅក្នុងតំបន់អាក់ទិក និងលើសពីនេះទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អ្នកជំនាញUN ចំនួន ៧រូប ក្នុងនោះមានលោក George Katrougalos អ្នកជំនាញឯករាជ្យលើការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិប្រជាធិបតេយ្យ និងសមធម៌ លោក Albert K. Barume អ្នករាយការណ៍ពិសេសអំពីសិទ្ធិជនជាតិដើមភាគតិច និងលោក Surya Deva អ្នករាយការណ៍ពិសេសអំពីសិទ្ធិក្នុងការអភិវឌ្ឍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទាក់ទងនឹងកោះហ្គ្រីនលែន។

អ្នកជំនាញបាននិយាយថា ការលើកឡើងទាំងនោះរួមមានការផ្តល់យោបល់ថា ទឹកដីនេះគួរតែត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ហើយកម្លាំងអាចត្រូវបានប្រើប្រាស់ ដើម្បីសម្រេចបានលទ្ធផលបែបនេះ។
អ្នកជំនាញបាននិយាយថា៖«ការអះអាងដែលបង្ហាញថា ទឹកដីមួយអាចត្រូវបានយក គ្រប់គ្រង ឬ «ជាម្ចាស់» ដោយរដ្ឋមួយផ្សេងទៀត ដើម្បីស្វែងរកសន្តិសុខជាតិ ឬផលប្រយោជន៍សេដ្ឋកិច្ចដែលយល់ឃើញ បង្កឲ្យមានការត្រួតត្រាបែបអាណានិគម ដែលសហគមន៍អន្តរជាតិបានបដិសេធជាយូរមកហើយ»។ «វោហាសាស្ត្របែបនេះ បង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរក្សាសណ្តាប់ធ្នាប់អន្តរជាតិប្រជាធិបតេយ្យ និងសមធម៌ ដែលមានឫសគល់នៅក្នុងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងសិទ្ធិជាមូលដ្ឋានស្របតាម ធម្មនុញ្ញអង្គការសហប្រជាជាតិ»។
អ្នកជំនាញបានព្រមានអំពីអ្វីដែលពួកគេបានពិពណ៌នាថា ជាគំរូនៃការឈ្លានពានយោធារបស់សហរដ្ឋអាមេរិក រួមទាំងការវាយប្រហារលើប្រទេសអធិបតេយ្យជាច្រើន ការសម្លាប់ក្រៅប្រព័ន្ធតុលាការជាច្រើន ការប្រើប្រាស់ពន្ធគយជាអាវុធ និងការទូតបង្ខិតបង្ខំដ៏ស្មុកស្មាញ៕