ចក្រភពអង់គ្លេស បានជម្លៀសឯកអគ្គរដ្ឋទូត និងបុគ្គលិកទាំងអស់នៃនាយកដ្ឋានកុងស៊ុលរបស់ស្ថានទូតចេញពីទីក្រុងតេអេរ៉ង់ ចំពេលមានការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមតការចុះផ្សាយរបស់កាសែត The Daily Telegraph។

យោងតាមសារព័ត៌មាននេះ បានឲ្យដឹងថា ការសម្រេចចិត្តជម្លៀសអ្នកការទូត ត្រូវបានធ្វើឡើង បន្ទាប់ពីការវាយតម្លៃយ៉ាងហ្មត់ចត់អំពីស្ថានភាពសន្តិសុខ នៅក្នុងប្រទេសអ៊ីរ៉ង់។ ដោយដកស្រង់សម្តី មន្ត្រីរដ្ឋាភិបាលចក្រភពអង់គ្លេសម្នាក់ កាសែត The Daily Mirror បានរាយការណ៍នាពេលមុននេះ ស្ថានទូតចក្រភពអង់គ្លេសនៅទីក្រុងតេអេរ៉ង់ ត្រូវបានបិទជាបណ្តោះអាសន្ន។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍មុននេះថា សហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេល ២៤ ម៉ោង។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននាពេលថ្មីនេះថា លោកកំពុងពិចារណាយ៉ាងហ្មត់ចត់អំពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។
ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបង្កឡើងដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រីអាល់អ៊ីរ៉ង់ ហើយបានរីករាលដាលដល់ទីក្រុងធំៗភាគច្រើន។ អាជ្ញាធរបានរាយការណ៍ពីការស្លាប់របស់មន្ត្រីអនុវត្តច្បាប់ចំនួន ៤០នាក់។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ភេរវករប្រដាប់អាវុធបានបង្ហាញខ្លួនក្នុងចំណោមក្រុមបាតុករ នៅថ្ងៃទី ០៨ ខែមករា។ អាជ្ញាធរអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកចំពោះការរៀបចំភាពចលាចលនេះ៕