ប៉ូឡូញ៖ រដ្ឋាភិបាលប៉ូឡូញបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសប៉ូឡូញបានត្រៀមខ្លួនរួចរាល់ក្នុងការប្រគល់យន្តហោះចម្បាំង MIG-29 ច្រើនគ្រឿងទៅឱ្យសហរដ្ឋអាមេរិក ជាផ្នែកនៃការរៀបចំដែលនឹងអនុញ្ញាតឱ្យយន្តហោះទាំងនេះប្រើប្រាស់ដោយយោធាអ៊ុយក្រែន។
ការសម្រេចបានធ្វើឡើង ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកសំណើមួយ ដែលប្រទេសប៉ូឡូញនឹងផ្គត់ផ្គង់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំងសម័យសូវៀត។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុង Oslo ជាមួយនាយករដ្ឋមន្ត្រីន័រវេសលោក Jonas Gahr Store នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki និយាយថា ទាំងប៉ូឡូញ និងណាតូមិនមែនជាភាគីនៃសង្គ្រាមនោះទេ។ នេះជាមូលហេតុដែលលោក Morawiecki បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន យើងត្រៀមខ្លួនជាស្រេចដើម្បីផ្តល់យន្តហោះចម្បាំងរបស់យើងទៅមូលដ្ឋាន Rammstein ជាមូលដ្ឋានសហរដ្ឋអាមេរិកនៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែយើងមិនទាន់ត្រៀមខ្លួនដើម្បីធ្វើសកម្មភាពណាមួយដោយខ្លួនឯងនៅឡើយ។ ការសម្រេចរបស់រដ្ឋាភិបាលប៉ូឡូញត្រូវបានប្រកាសជាលើកដំបូង តាមប្រព័ន្ធអ៊ីនធឺណិតតាមរយៈសេចក្ដីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័រ របស់ក្រសួងការបរទេសប៉ូឡូញ៕
អត្ថបទ៖ ប៊ុនថន