របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បណ្តារដ្ឋអារ៉ាប់ ដែលមានព្រំប្រទល់ជាប់ឈូងសមុទ្រពែក្សកំពុងជំរុញសហរដ្ឋអាមេរិកកុំឱ្យវាយប្រហារដោយយោធាលើប្រទេសអ៊ីរ៉ង់ ដោយព្រមានថាអន្តរាគមន៍បែបនេះអាចបង្កអស្ថិរភាពសេដ្ឋកិច្ច និងនយោបាយនៅទូទាំងតំបន់។
យោងតាមកាសែត Wall Street Journal បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួមជាមួយអូម៉ង់ និងប្រទេសកាតា បាននិងកំពុងបញ្ចុះបញ្ចូលដោយផ្ទាល់ដល់រដ្ឋបាលលោក Trump បន្ទាប់ពីសេតវិមានបានព្រមានពួកគេឱ្យត្រៀមសម្រាប់សកម្មភាពដែលអាចកើតមានប្រឆាំងទីក្រុងតេអេរ៉ង់។

ខណៈប្រទេសទាំងនេះនៅស្ងៀម ហើយប្រទេសអ៊ីរ៉ង់បន្តប្រឈមទៅនឹងការតវ៉ាទ្រង់ទ្រាយធំ បណ្តារដ្ឋអារ៉ាប់ កំពុងជំរុញឲ្យមន្ត្រីអាមេរិកពិចារណាឡើងវិញ។
យោងតាមមន្ត្រីឈូងសមុទ្រអារ៉ាប់បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងយោធាណាមួយដើម្បីផ្តួលរំលំរបបអ៊ីរ៉ង់ អាចបង្អាក់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងសកលតាមរយៈច្រកសមុទ្រ Hormuz ជាផ្លូវទឹកយុទ្ធសាស្ត្រប្រហែល២០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ឆ្លងកាត់។
ពួកគេខ្លាចការវាយប្រហារក្នុងស្រុក ឧបសគ្គសេដ្ឋកិច្ច និងការសងសឹកដែលអាចកើតមាន ប្រសិនបើកងកម្លាំងអាមេរិកមានចំណាត់ការ។ មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានគេរាយការណ៍ថាបានប្រាប់ទីក្រុងតេអេរ៉ង់ថា ពួកគេនឹងមិនចូលរួមក្នុងជម្លោះណាមួយ ឬអនុញ្ញាតឱ្យអាមេរិកចូលប្រើប្រាស់ដែនអាកាសឡើយ ដោយមានគោលបំណងដកខ្លួនចេញពីការប្រឈមមុខដាក់គ្នាដោយផ្ទាល់។

