លោក Hans Grundberg បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសយេម៉ែន កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការនយោបាយដ៏ទូលំទូលាយ នៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។
លោក Grundberg បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុងសន្និសីទសារព័ត៌មានមួយថា បញ្ហាប្រឈមផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខរបស់ប្រទេសយេម៉ែន គឺមិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ ហើយវឌ្ឍនភាពមួយ នឹងមិនអាចកើតឡើង ដោយគ្មានដំណោះស្រាយចំពោះបញ្ហាប្រឈមផ្សេងទៀតនោះទេ។
លោកបាននិយាយថា៖នេះគឺជាមូលហេតុដែលទីបំផុតប្រទេសយេម៉ែនត្រូវការដំណើរការនយោបាយដ៏ទូលំទូលាយ ពេញលេញ និងទូទាំងប្រទេស ដែលផ្តល់ឲ្យប្រទេសនេះនូវកន្លែងមួយ ដើម្បីជជែកពិភាក្សា និងចរចាអំពីបញ្ហាទាំងនេះជាមួយគ្នា ជាជាងការធ្វើឡើងដោយឯកតោភាគី»។

លោក Grundberg បានបន្ថែមថា មានតែដំណើរការបែបនេះទេដែលអាចសម្រេចបាននូវសេចក្តីប្រាថ្នារួមរបស់ប្រជាជនយេម៉ែន ហើយមានតែដំណើរការបែបនេះទេ ទើបអាចបញ្ចប់ជម្លោះប្រកបដោយចីរភាព។
លោកបានកត់សម្គាល់ថា វឌ្ឍនភាពនឹងអាស្រ័យលើគ្រប់ភាគីទាំងអស់ រួមទាំងក្រុមហ៊ួទីផងដែរ ដោយជៀងវាងសកម្មភាពបង្កើនភាពតានតឹង ឬវោហាសាស្ត្រ និងនៅតែបើកចំហចំពោះការចូលរួមក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិលើជំហានកសាងទំនុកចិត្ត និងដំណើរការនយោបាយដ៏ទូលំទូលាយ។
បេសកជនរូបនេះ បានលើកឡើងថា ការវិវឌ្ឍនៅភាគខាងត្បូងប្រទេសយេម៉ែន បានបង្ហាញពីរបៀបដែលតុល្យភាពដ៏ផុយស្រួយ អាចត្រូវបានរំខានយ៉ាងឆាប់រហ័ស និងថាតើវាមានសារៈសំខាន់យ៉ាងណា ក្នុងការពង្រឹងដំណើរការនេះឡើងវិញ នៅក្នុងមាគ៌ានយោបាយដែលអាចទុកចិត្តបាននោះ៕
