នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បានរួចផុតពីការដួលរលំ ដោយសារការបោះឆ្នោតដកសេចក្ដីទុកចិត្តចំនួន ២ នៅក្នុងរដ្ឋសភា កាលពីថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) ដោយបើកផ្លូវឲ្យរដ្ឋាភិបាលបង្វែរការផ្ដោតមកលើការតស៊ូ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាមួយទៀតដែលមិនទាន់ដាច់ស្រេចនៅឡើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ញត្តិដកសេចក្ដីទុកចិត្ត ដែលដាក់ដោយគណបក្សស្ដាំនិយមជ្រុល National Rally (RN) និងគណបក្សឆ្វេងនិយមជ្រុល France Unbowed (LFI) មានគោលបំណងតវ៉ា ប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) ជាមួយប្លុក Mercosur។

ទោះបីជាមានការជំទាស់ពីបារាំងក៏ដោយ ក៏រដ្ឋជាសមាជិកសហភាពអឺរ៉ុប កាលពីសប្តាហ៍មុន បានអនុម័តកិច្ចព្រមព្រៀងដែលត្រូវបានជជែកដេញដោលយ៉ាងយូរ ជាមួយប្រទេសអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។ គណបក្ស RN និង LFI បានចោទប្រកាន់រដ្ឋាភិបាលថា មិនបានធ្វើអ្វីឲ្យគ្រប់គ្រាន់ ដើម្បីរារាំងកិច្ចព្រមព្រៀងនេះ។
គណបក្សសង្គមនិយម បានបដិសេធមិនគាំទ្រញត្តិដកសេចក្ដីទុកចិត្តនេះ ហើយក្រុមសាធារណរដ្ឋអភិរក្សនិយម ក៏បានប្រាប់ផងដែរថា ពួកគេនឹងមិនបោះឆ្នោតរិះគន់រដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង Mercosur នេះទេ។ ជាលទ្ធផល ញត្តិទាំង២ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ឡើយ។
លោក Lecornu បាននិយាយថា ពេលវេលាដែលចំណាយលើការបោះឆ្នោតដកសេចក្ដីទុកចិត្ត កំពុងពន្យារពេលការជជែកដេញដោលដ៏តានតឹង ជុំវិញកញ្ចប់ថវិកាឆ្នាំ២០២៦ របស់ប្រទេស ដែលលោកបានសង្កត់ធ្ងន់ថា មេដឹកនាំនយោបាយគួរតែផ្តោតលើបញ្ហានេះជំនួសវិញ។
បើយោងតាមប្រភពរដ្ឋាភិបាលមួយរូប បានបង្ហើបឲ្យដឹងថា ឥឡូវនេះ ជម្រើសមួយក្នុងចំណោមជម្រើសជាច្រើន ទាក់ទងនឹងច្បាប់ថវិកាឆ្នាំ២០២៦ គឺលោក Lecornu ត្រូវប្រើប្រាស់មាត្រា ៤៩.៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីជំរុញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ដោយមិនចាំបាច់មានការបោះឆ្នោត បន្ទាប់ពីចរចាជាមួយក្រុមទាំងអស់ លើកលែងតែគណបក្ស RN និង LFI។ ការធ្វើបែបនោះស្ទើរតែប្រាកដណាស់ នឹងនាំឲ្យមានការដាក់ញត្តិដកសេចក្ដីទុកចិត្តបន្ថែមទៀត។
យោងតាមក្រុមរបស់លោកប្រធានាធិបតី Emmanuel Macron បានឲ្យដឹងថា មេដឹកនាំរូបនេះចង់ឲ្យច្បាប់ថវិកាត្រូវបានអនុម័តនៅក្នុងខែមករា។ ស្ថានភាពនយោបាយរបស់ប្រទេសបារាំង មានភាពផុយស្រួយ ចាប់តាំងពីឆ្នាំ២០២២ នៅពេលដែលលោក Macron បានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភា៕
