ការប្រឈមមុខដាក់គ្នាផ្នែកសេដ្ឋកិច្ច រវាងប្រទេសនានា និងផលវិបាករបស់វា បានឈរនៅទីកំពូលនៃការស្ទង់មតិប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលចេញផ្សាយកាលពីថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) ដោយបានឡើងទៅជំនួសជម្លោះប្រដាប់អាវុធ ក្នុងនាមជាកង្វល់ទី១ របស់អ្នកជំនាញជាង ១.៣០០នាក់ដែលត្រូវបានស្ទង់មតិទូទាំងពិភពលោក។
ការស្ទង់មតិនេះក៏បានបង្ហាញផងដែរនូវការធ្លាក់ចុះនូវក្ដីបារម្ភ អំពីហានិភ័យបរិស្ថាន ខណៈពេលដែលកង្វល់ផ្សេងទៀត បានលេចមកជំនួសវិញ ជាពិសេសការភ័យខ្លាច ជុំវិញផលវិបាករយៈពេលវែងនៃការគ្រប់គ្រងមិនល្អលើបញ្ញាសិប្បនិម្មិត (AI)។

នាយកគ្រប់គ្រងនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF នៅទីក្រុង Davos ប្រទេសស្វីស ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ គឺលោកស្រី Saadia Zahidi បានលើកឡើងពីការដំឡើងពន្ធ ការត្រួតពិនិត្យលើការវិនិយោគបរទេស និងការគ្រប់គ្រងការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង លើធនធាននានា ដូចជារ៉ែសំខាន់ៗ ជាឧទាហរណ៍នៃ «ការប្រឈមមុខដាក់គ្នាផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច» ដែលជាប់ចំណាត់ថ្នាក់ជាហានិភ័យដ៏ធំចម្បង។
លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញថា៖ «វាគឺជាហានិភ័យចម្បង នៅពេលដែលឧបករណ៍គោលនយោបាយសេដ្ឋកិច្ចក្លាយជាអាវុធ ជាជាងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ»។
គោលនយោបាយ «អាមេរិកទី១» របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាននាំឲ្យមានការឡើងយ៉ាងខ្ពស់នូវពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោក ហើយបានបង្កឲ្យមានភាពតានតឹង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលក្ដោបក្ដាប់រ៉ែសំខាន់ៗ និងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោក៕

