ក្រុមសមាជិកសភាអឺរ៉ុប មកពីប្រទេសជាច្រើន នៅសហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) បានអំពាវនាវឲ្យផ្អាកដំណើរការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានស្នើឡើង ជាមួយសហរដ្ឋអាមេរិកជាបន្ទាន់ ដោយលើកឡើងពីការកត់សម្គាល់ឡើងវិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបង្កបញ្ហាប្រឈមដល់បូរណភាពទឹកដីរបស់ប្រទេសដាណឺម៉ាក ពាក់ព័ន្ធនឹងកោះ Greenland។
នៅក្នុងលិខិតមួយច្បាប់ ផ្ញើទៅកាន់ប្រមុខសភាអឺរ៉ុប លោកស្រី Roberta Metsola និងប្រធានសន្និសីទ សមាជិកសភាបានជំរុញឲ្យសភាបញ្ឈប់ការពិចារណាការមានដំណោះស្រាយណាមួយ ចំពោះកិច្ចព្រមព្រៀងនេះ «ដរាបណាការទាមទារ និងការគំរាមកំហែងលើកោះ Greenland នៅតែត្រូវបានធ្វើឡើងដោយរដ្ឋបាលអាមេរិក»។

លិខិតនេះសំដៅទៅលើសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក Trump និងសមាជិកនៃរដ្ឋបាលរបស់លោក ដែលបង្ហាញពីចេតនាចង់ «ដណ្តើមកាន់កាប់» កោះ Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ដោយពណ៌នាអំពីការកត់សម្គាល់បែបនេះថា ជាការគំរាមកំហែងដល់សណ្តាប់ធ្នាប់ ផ្អែកលើច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង ដែលបានឈានដល់កាលពីរដូវក្តៅឆ្នាំមុន រវាងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងលោក Trump ទាក់ទងនឹងការកែសម្រួលអត្រាពន្ធ និងការបើកឲ្យមានកូតាពន្ធ សម្រាប់ទំនិញជាក់លាក់មួយចំនួនរបស់សហរដ្ឋអាមេរិក ហើយត្រូវបានគ្រោងអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គ នាខែកុម្ភៈខាងមុខនេះ៕

