ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសដាណឺម៉ាក លោក Vladimir Barbin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយសម្រាប់ទូរទស្សន៍ TV2ថា រុស្ស៊ីចង់បានស្ថិរភាពនៅតំបន់អាក់ទិក គឺមិនមែនជម្លោះទេ ហើយពិតជាគ្មានគម្រោងវាយប្រហារប្រទេសជិតខាង ឬដណ្តើមយកទឹកដីរបស់ពួកគេទេ។
ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយដោយធ្វើអត្ថាធិប្បាយអំពីការអភិវឌ្ឍជុំវិញតំបន់ហ្គ្រីនលែនថា៖«រុស្ស៊ីមិនមានផែនការឈ្លានពានប្រឆាំងនឹងប្រទេសជិតខាងនៅតំបន់អាក់ទិករបស់ខ្លួនទេ មិនគំរាមកំហែងពួកគេ ដោយសកម្មភាពយោធា ហើយមិនស្វែងរកការដណ្តើមយកទឹកដីរបស់ពួកគេទេ។ ដើម្បីអភិវឌ្ឍសក្តានុពលតំបន់អាក់ទិករបស់ខ្លួនដោយជោគជ័យ រុស្ស៊ីចាប់អារម្មណ៍លើស្ថិរភាព និងទំនាក់ទំនងល្អរវាងរដ្ឋនានា នៅតំបន់អាក់ទិក»។

លោកបានសង្កត់ធ្ងន់ថា ការមិនចុះសម្រុងគ្នារវាងបណ្តាប្រទេសនៅតំបន់អាក់ទិក គួរតែត្រូវបានដោះស្រាយនៅតុចរចា។
លោកឯកអគ្គរដ្ឋទូត បាននិយាយថា៖«ការខ្វែងគំនិតគ្នា និងការមិនចុះសម្រុងគ្នារវាងរដ្ឋនានា នៅតំបន់អាក់ទិក ត្រូវតែដោះស្រាយស្របតាមច្បាប់អន្តរជាតិ និងតាមរយៈការចរចា។ ការកើនឡើងភាពតានតឹង នៅតំបន់អាក់ទិក ត្រូវតែជៀសវាង។ កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយនៅតំបន់អាក់ទិក ត្រូវតែស្តារឡើងវិញ ព្រោះវាអាចធានាសន្តិសុខបានកាន់តែគួរឲ្យទុកចិត្ត និងមានតម្លៃសមរម្យជាងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសណាតូ ក្នុងការធ្វើសកម្មភាពយោធានៅក្នុងតំបន់នេះ»។
កោះហ្គ្រីនលែន គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាក ជាទឹកដីស្វយ័ត។ នៅឆ្នាំ ១៩៥១ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉េនហាក (Copenhagen) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិហ្គ្រីនលែន បន្ថែមពីលើកាតព្វកិច្ចសម្ព័ន្ធភាពណាតូរបស់ពួកគេ។ ក្រោមសន្ធិសញ្ញានេះ សហរដ្ឋអាមេរិកបានសន្យាការពារកោះនេះ ពីការឈ្លានពានដែលអាចកើតមាន៕
