រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) បានព្រមានប្រធានាធិបតីអាមេរិក លោក Donald Trump ថា កុំបង្កើតជាថ្មីម្តងទៀតនូវ «កំហុស» ពីមុន ដែលនាំឲ្យមានការប្រឈមមុខដាក់គ្នាខាងយោធា ដោយបានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការទូត ក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍ដល់ស្ថាប័នសារព័ត៌មានអាមេរិកមួយ។
ដោយបាននិយាយសំដៅទៅលើការវាយប្រហាររបស់អាមេរិកលើរោងចក្រនុយក្លេអ៊ែរចំនួន ៣ នៅប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែលរយៈពេល ១២ថ្ងៃ កាលពីខែមិថុនាឆ្នាំមុន លោក Abbas Araghchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា៖ «សាររបស់ខ្ញុំគឺ កុំបង្កើតជាថ្មីម្តងទៀតនូវកំហុស ដែលអ្នកបានធ្វើ កាលពីខែមិថុនា។ អ្នកដឹងទេ ប្រសិនបើអ្នកនៅតែព្យាយាមសាកល្បងបទពិសោធន៍ដែលមិនជោគជ័យ អ្នកនឹងទទួលបានលទ្ធផលដដែល»។

ដោយលើកឡើងពីភាពតានតឹងថ្មីៗ និងជំហររបស់សហរដ្ឋអាមេរិក ចំពោះទីក្រុងតេអេរ៉ង់ លោក Araghchi បានបញ្ជាក់ថា៖ «អ្នកដឹងទេ អ្នកបានបំផ្លាញរោងចក្រទាំងនោះ (ក្នុងខែមិថុនា) ប៉ុន្តែបច្ចេកវិទ្យាមិនអាចត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែកឡើយ ហើយការតាំងចិត្តក៏មិនអាចត្រូវបានបំបាត់ដោយការទម្លាក់គ្រាប់បែកនោះដែរ»។ លោកបានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ង់មិនធ្លាប់មានបទពិសោធន៍វិជ្ជមាន ជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែមាគ៌ានៃការចរចា នៅតែល្អប្រសើរជាងអ្វីទាំងងស់។ ហើយលោកបានបន្ថែមថា៖ «អ៊ីរ៉ង់បានបង្ហាញថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការទូត»។
ទាក់ទងនឹងភាពចលាចលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសរូបនេះ បានប្រាប់ថា រដ្ឋាភិបាលរបស់លោកបានអនុវត្ត «ការអត់ធ្មត់ជាអតិបរមា» ប៉ុន្តែបានអះអាងថា ការតវ៉ាត្រូវបានឆ្លៀតជ្រៀតជ្រែកដោយតួអង្គបង្កហិង្សា។ នៅពេលសួរអំពីចំនួនអ្នកតវ៉ា ដែលត្រូវបានសម្លាប់ អ្នកការទូតរូបនេះ បានអះអាងថា ធាតុផ្សំឲ្យកើតហិង្សា មិនមែនចេញពីអ្នកតវ៉ាពិតប្រាកដនោះទេ ប៉ុន្តែជាស្នាដៃរបស់ «ក្រុមភេរវករ» ដែលរៀបចំឡើងដោយ «ផែនការរបស់អ៊ីស្រាអែល»។
មន្ត្រីអាមេរិកបានបង្កើនវោហាសាស្ត្រប្រឆាំងអ៊ីរ៉ង់ ក្នុងអំឡុងពេលមានការតវ៉ាដែលបានរីករាលដាលពាសពេញប្រទេស ចាប់តាំងពីចុងខែធ្នូឆ្នាំមុន ដោយសារតែស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CBS News ថា ទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការ «ខ្លាំងក្លា» ប្រសិនបើអ៊ីរ៉ង់អនុវត្តការប្រហារជីវិត ចំពោះអ្នកតវ៉ា៕
