មន្ត្រីជាន់ខ្ពស់ហេសបូឡាម្នាក់ បានព្រមានរដ្ឋាភិបាលលីបង់ថា ការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីរំសាយអាវុធរបស់ក្រុមនេះ នៅទូទាំងប្រទេសនេះ នឹងបង្កឲ្យមានភាពវឹកវរ និងអាចក្លាយជាសង្គ្រាមស៊ីវិល។ នេះបើយោងតាមការអត្ថាធិប្បាយដែលផ្សព្វផ្សាយដោយក្រុមប្រដាប់អាវុធនេះ កាលពីថ្ងៃពុធ។
លីបង់បានសន្យាថា នឹងនាំយកអាវុធទាំងអស់នៅក្នុងប្រទេសនេះ មកដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ស្របតាមកិច្ចព្រមព្រៀងឆ្នាំ ២០២៤ ដែលបានបញ្ចប់សង្គ្រាមដ៏សាហាវរវាងក្រុមហេសបូឡា និងអ៊ីស្រា អែល។

ក្រុមហេសបូឡាទទូចថា កិច្ចព្រមព្រៀងនេះ អនុវត្តចំពោះតែតំបន់ចុងភាគខាងត្បូងនៃប្រទេសលីបង់ដែលមានព្រំប្រទល់ជាប់នឹងអ៊ីស្រាអែល ហើយបានបដិសេធមិនព្រមលះបង់ឃ្លាំងអាវុធរបស់ខ្លួន នៅកន្លែងផ្សេងទេ។
នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RT មន្ត្រីនយោបាយជាន់ខ្ពស់ហេសបូឡា លោក Mahmoud Qmati បាននិយាយថា ការបន្តការគ្រប់គ្រងផ្តាច់មុខរបស់រដ្ឋលើអាវុធនៅចុងខាងជើង នឹងក្លាយជា«ឧក្រិដ្ឋកម្មដ៏ធំបំផុតដែលប្រព្រឹត្តដោយរដ្ឋ»។
លោក Qmati បានលើកឡើងថា៖«ផ្លូវដែលរដ្ឋាភិបាលលីបង់ និងស្ថាប័នរដ្ឋបានដើរ នឹងនាំប្រទេសនេះ រកអស្ថិរភាព ភាពវឹកវរ និងប្រហែលជាសង្គ្រាមស៊ីវិល» ទោះបីជាលោកបានបន្ថែមថា ក្រុមហេស បូឡា នឹងមិនត្រូវបានអូសទាញចូលទៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយកងទ័ពលីបង់ក៏ដោយ៕
