អេហ្ស៊ីប កាតា និងទួរគីកាលពីថ្ងៃពុធ បានប្រកាសអំពីការបញ្ចប់ការបង្កើតគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយក្រសួងការបរទេសអេហ្ស៊ីប។
អ្នកសម្របសម្រួលទាំងបី បានពិពណ៌នាអំពីការសម្រេចនេះថា ជា «វឌ្ឍនភាពដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើនស្ថិរភាព និងកែលម្អលក្ខខណ្ឌមនុស្សធម៌ នៅក្នុងតំបន់នោះ ដោយកត់សម្គាល់ថា គណៈកម្មា ធិការនេះដឹកនាំដោយលោក Ali Abdel Hamid Shaath ដែលជាវិស្វករចាស់វស្សា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងផែនការ នៅក្នុងអាជ្ញាធរប៉ាឡេស្ទីន។
ក្រុមអ្នកសម្របសម្រួល បានសម្តែងក្តីសង្ឃឹមថា ការបង្កើតគណៈកម្មាធិការនេះ នឹងបើកផ្លូវសម្រាប់ការអនុវត្តដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងឈប់បាញ់តំបន់ហ្កាហ្សា ស្របតាមផែនការដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងជួយពង្រឹងភាពស្ងប់ស្ងាត់ និងទប់ស្កាត់ការវិលត្រឡប់ទៅរកការកើនឡើងភាពតាន តឹង។

ពួកគេបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាគីទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព និងបង្កើតលក្ខខណ្ឌសមស្របសម្រាប់ការកសាងឡើងវិញនូវតំបន់ហ្កាហ្សា តាមរបៀបដែលបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីនសម្រាប់សន្តិសុខ ស្ថិរភាព និងជីវិតប្រកដោយភាពថ្លៃថ្នូរ។
ការប្រកាសនេះ បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំមួយដែលបានធ្វើឡើង នៅព្រឹកថ្ងៃពុធ នៅទីក្រុងគែរ ក្នុងចំណោមក្រុមប៉ាឡេស្ទីន និងកម្លាំងនយោបាយ ដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្តេជ្ញាចិត្តពេញលេញរបស់ពួកគេ ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សា និងបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការឈ្លានពានរបស់ខ្លួន និងបើកច្រកឆ្លងកាត់ព្រំដែនទាំងអស់៕
