ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi កាលពីថ្ងៃពុធ បានព្រមាន ថា វិធានការកាន់តែខ្លាំងឡើង និងខុសច្បាប់របស់អ៊ីស្រាអែល នៅក្នុងតំបន់វេសបែង(West Bank) ប្រឈមនឹងហានិភ័យនៃការបង្កើនភាពតានតឹង និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាព 0ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។
នៅក្នុងកិច្ចប្រជុំជាមួយលោក Elmedin Konakovic រដ្ឋមន្ត្រីការបរទេសបូស្នៀនិងហឺហ្សេហ្គោវីណា ដែលកំពុងបំពេញទស្សនកិច្ច លោក Safadi បានអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិសម្របសម្រួល ដើម្បីបញ្ឈប់ការអនុវត្តបែបនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសហ្ស៊កដានី។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សាបទឈប់បាញ់នៅតំបន់ហ្កាហ្សា ធានាការអនុលោមតាមលក្ខខណ្ឌរបស់ខ្លួនយ៉ាងពេញលេញ និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ប្រកបដោយចីរភាព ទៅដល់តំបន់នោះ។
សេចក្តីថ្លែងការណ៍បានបន្តថា លោក Safadi បានសរសើរការគាំទ្ររបស់បូស្នៀដល់សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនចំពោះរដ្ឋឯករាជ្យមួយ ដោយពណ៌នាអំពីដំណោះស្រាយរដ្ឋពីរថា ជាផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
ភាគីទាំងពីរក៏ បានពិភាក្សាអំពីការវិវត្តនៅក្នុងប្រទេសស៊ីរី និងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ ដែលមានគោលបំណងរក្សាឯកភាព អធិបតេយ្យភាព និងស្ថិរភាពរបស់ប្រទេសនេះ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ពួកគេបានព្រមព្រៀងគ្នារក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕
