នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ដែលលោកស្រីគ្រោងនឹងជួបជាមួយសមភាគីជប៉ុនលោកស្រី Sanae Takaichi ។
ដំណើរទស្សនកិច្ចនេះ គាប់ជួននឹងខួបលើកទី ១៦០នៃទំនាក់ទំនងការទូតរវាងអ៊ីតាលី និងជប៉ុន ។ លោកស្រី Meloni នឹងបន្តស្នាក់នៅក្នុងប្រទេសជប៉ុនរហូតដល់ថ្ងៃសៅរ៍ មុនពេលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់ជំនួបកំពូលជាមួយលោកប្រធានាធិបតី Lee Jae Myung ។

អ៊ីតាលីអាចក្លាយជាដៃគូសំខាន់របស់ជប៉ុនដែលបច្ចុប្បន្នកំពុងព្យាយាមធ្វើពិពិធកម្មការផ្គត់ផ្គង់រ៉ែដ៏កម្ររបស់ខ្លួន ស្របពេលភាពតានតឹងជាមួយចិន ជុំវិញសេចក្តីអត្ថាធិប្បាយរបស់លោក Takaichi លើបញ្ហាការពារជាតិកោះតៃវ៉ាន់ ។
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលអ៊ីតាលី បានលើកកម្ពស់យុទ្ធសាស្រ្តផ្ទាល់ខ្លួនផងដែរ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអាហ្វ្រិក ដែលគេស្គាល់ថាជាផែនការ “Mattei Plan” ដោយមានគោលដៅលើវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យកសិកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ៕
