ពេលសួរនៅក្នុងសន្និសីទសារព័ត៌មានថាតើចិននៅតែបន្ត ឬមិនបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកាណាដានោះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនអ្នកស្រី He Yongqian និយាយថា ចិនមានឆន្ទៈធ្វើការជាមួយប្រទេសដែលចង់ចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី និងក្នុងតំបន់ ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ នាយករដ្ឋមន្រ្តីកាណាដាលោក Mark Carney បានកោតសរសើរការដឹកនាំរបស់លោកប្រធានាធិបតីចិន Xi Jinping និងល្បឿនវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ដោយរូបលោកប្រកាសថា ឆាកត្រូវបានដំឡើងសម្រាប់ឲ្យប្រទេសទាំង ២ ក្លាយជាដៃគូយុទ្ធសាស្រ្តនៅលើវិស័យជាច្រើន ។

សេចក្តីអត្ថាធិប្បាយប្រកបដោយសុទិដ្ឋិនិយមរបស់លោក Carney បានធ្វើឡើង អំឡុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកទៅកាន់ចិន បន្ទាប់ពីការចូលរួមឡើងវិញដ៏តានតឹងរយៈពេលជាច្រើនខែ មានគោលដៅធ្វើឲ្យល្អប្រសើឡើងវិញទំនាក់ទំនងជាប់គាំង ក្រោមរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តី Justin Trudeau ។
ការចូលរួមឡើងវិញជាមួយចិន ត្រូវបានជំរុញផងដែរឲ្យធ្វើពិពិធកម្មទីផ្សារនាំចេញ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដំឡើងពន្ធលើកាណាដា កាលពីឆ្នាំមុន ហើយនិងការលើកឡើងថា សម្ព័ន្ធមិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកមួយនេះ អាចនឹងក្លាយជារដ្ឋទី ៥១របស់ប្រទេសលោក ។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang នៅថ្ងៃព្រហស្បតិ៍នេះ លោក Carney និយាយថា ដំណើរទស្សនកិច្ចរបស់លោកក្លាយជាការចាប់ផ្តើមភាពជាដៃគូថ្មីជាមួយចិន ៕
