ខ្យល់ត្រជាក់ខ្លាំង នៅតំបន់អាក់ទិក នឹងបោកបក់ពាសពេញតំបន់អាស៊ី នាសប្តាហ៍ក្រោយ ដែលធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះដល់កម្រិតទាបបំផុត និងទំនងជាជំរុញឲ្យមានតម្រូវការប្រព័ន្ធកំដៅនៅក្នុងទីផ្សារថាមពលសំខាន់ៗ។
អាកាសធាតុត្រជាក់ខ្លាំងកំពុងត្រូវបានជំរុញដោយប្រព័ន្ធសម្ពាធទាបរយៈកម្ពស់នៅក្នុងបរិយាកាស ដែលអាចឲ្យខ្យល់អាក់ទិកដ៏ត្រជាក់បក់ឆ្លងកាត់តំបន់ជាច្រើន នៅទូទាំងពិភពលោក ក្នុងនោះរួមទាំងអាស៊ីផងដែរ។ នេះបើយោងតាមអ្នកឧតុនិយម និងគំរូអាកាសធាតុសំខាន់ៗ។ សីតុណ្ហភាពនៅទីក្រុងប៉េកាំង និងសៀងហៃរបស់ចិន អាចធ្លាក់ចុះប្រហែល ២០អង្សាសេ រហូតដល់ថ្ងៃទី២១ ខែមករា ដូចដែលបានបង្ហាញដោយការព្យាករពីរដ្ឋបាលឧតុនិយមប្រទេសនេះ។

បើយោងតាមលោក Takahisa Nishikawa អ្នកឧតុនិយមនៅក្រុមហ៊ុនតាមដានអាកាសធាតុ Atmospheric G2 ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានឲ្យដឹងថា ទូទាំងប្រទេសចិន និងកូរ៉េខាងត្បូង សីតុណ្ហភាពអាចធ្លាក់ចុះជាង ១០អង្សាសេ ក្រោមកម្រិតធម្មតា ដោយទីតាំងមួយចំនួនចុះជិតដល់កម្រិតកំណត់ត្រា ដោយផ្អែកលើការណែនាំគំរូអាកាសធាតុ គិតត្រឹមថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) នេះ។ ហើយលោកបានបន្ថែមថា៖ «ពីចុងខែមករា ដល់ខែកុម្ភៈ អាកាសធាតុទំនងជានៅតែត្រជាក់ជាងធម្មតា ដែលបង្ហាញពីតម្រូវការប្រព័ន្ធកំដៅកើនឡើងទូទាំងអាស៊ីខាងកើត»។
រដូវរងារបស់តំបន់អាស៊ីបូព៌ា រហូតមកដល់ពេលនេះ មានកម្ដៅសមល្មម។ បើយោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិរបស់ចិន បានឲ្យដឹងថា សីតុណ្ហភាពជាមធ្យមរបស់ប្រទេសនេះ ក្នុងខែធ្នូឆ្នាំមុន គឺ ១,៨អង្សាសេ លើសពីកម្រិតមធ្យមភាគជាធម្មតា ដែលធ្វើឲ្យវាក្លាយជាខែធ្នូដែលមានកម្ដៅក្ដៅបំផុតទី២ ក្នុងកំណត់ត្រា។ សម្រាប់ជប៉ុន ប្រទេសនេះក៏បានជួបប្រទះនឹងសីតុណ្ហភាពកម្រិតជិតខ្ពស់ជាងធម្មតាបន្តិចផងដែរ។
តែយ៉ាងណាក្ដី លោក Nishikawa បានបញ្ជាក់ថា រលកអាកាសធាតុត្រជាក់ នាពេលខាងមុខ «គឺគួរឲ្យកត់សម្គាល់ ទាំងអាំងតង់ស៊ីតេខ្យល់ត្រជាក់ និងវិសាលភាពលំហរបស់វា»។ ហើយលោកបានបន្ថែមថា ប្រសិនបើការព្យាកបច្ចុប្បន្ន នៅតែត្រឹមត្រូវនោះ ខែមករានេះ អាចជាខែត្រជាក់បំផុតនៅទូទាំងអាស៊ីខាងកើត គិតចាប់តាំងពីឆ្នាំ២០២១ មក៕
