ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្តុះបណ្តាលនៃការរៀបចំថវិកាសមិទ្ធកម្ម ដើម្បីផ្តល់ចំណេះដឹងបន្ថែម អំពីគោលការណ៍ និងវិធីសាស្រ្តនៃការរៀបចំថវិកាសមិទ្ធកម្ម ដែលក្រសួង-ស្ថាប័ន នឹងត្រូវអនុវត្តសាកល្បងសម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៣, ដើម្បីពង្រឹងការទទួលខុសត្រូវកាន់តែច្បាស់លាស់ជាងមុន ជាពិសេស លើប្រតិបត្តិការអនុវត្តចំណាយ ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងការបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំ ស្តីពីការរៀបចំថវិកាសមិទ្ធកម្ម តាមប្រព័ន្ធអនឡាញ (Zoom) ជូនដល់សិក្ខាកាម ជាគ្រូបង្គោល និងមន្ត្រីជំនាញថវិកាមកពីគ្រប់ក្រសួង-ស្ថាប័ន នៅថ្ងៃទី០៩ខែមីនា ឆ្នាំ២០២២ នេះថា សម្រាប់ការអនុវត្តថវិកាជំហានបន្ត វគ្គបណ្តុះបណ្តាលនេះ ក៏នឹងជួយបំពេញនូវចំណុចខ្វះខាតមួយចំនួន រួមទាំងធ្វើបច្ចុប្បន្នភាពចំណេះដឹង ជូនដល់គ្រូបង្គោលជំនាញថវិកា នៅតាមក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី, ការកំណត់សូចនាករ, ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកាឱ្យចំកម្មវិធី និងគោលដៅអាទិភាពជាដើម ដើម្បីបង្កើនគុណភាពនៃការវិភាជថវិកា និងរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ។
ឯកឧត្តម គូសបញ្ជាក់ថា ថវិកាសមិទ្ធកម្ម មិនមែនជាការងារថ្មីសន្លាង និងមានភាពខុសគ្នាខ្លាំងជាមួយនឹងថវិកា កម្មវិធីដែលក្រសួង-ស្ថាប័នកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ នោះឡើយ, ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកា មានការផ្សារភ្ជាប់ជាមួយនឹងព័ត៌មានសមិទ្ធកម្មដែលគ្រោងនឹងសម្រេច ឬដែលសម្រេចបានកន្លងមក ដោយក្រសួង-ស្ថាប័ន។
ឯកឧត្តម វង្សី វិស្សុត បន្តលើកឡើងថា កន្លងមករាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញនូវ អនុក្រឹត្យប្រកាស និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក្នុងការជំរុញការប្រគល់សិទ្ធិអំណាចជូនអង្គភាពថវិកា នៅតាមក្រសួង-ស្ថាប័នទាំងអស់ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យច្បាស់លាស់ ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមក្នុងការរៀបចំ និងការគ្រប់គ្រងថវិកា ព្រមទាំងពង្រឹងការទទួលខុសត្រូវកាន់តែច្បាស់លាស់ជាងមុនលើប្រតិបត្តិការ អនុវត្តចំណាយសំដៅឈានទៅសម្រេចលទ្ធផលការងារ ជាពិសេសគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន។
ឯកឧត្តម បញ្ជាក់ថា ក្រសួងស្ថាប័នណាដែលបានរៀបចំ និងគ្រប់គ្រងថវិកាបានល្អ ក្រសួងស្ថាប័ននោះ នឹងទទួលបាននូវការប្រគល់សិទ្ធិអំណាចកាន់តែច្រើនថែមទៀត៕
អត្ថបទ៖ សុន រ៉ាឌី