យោងតាមគេហទំព័រតាមដានជើងហោះហើរ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ដូចជា Wizz Air, Lufthansa និង British Airways ជាដើម បានបន្តចៀសពីដែនអាកាសរបស់ប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) នេះ ដោយជំនួសវិញជ្រើសរើសផ្លូវហោះហើរពីលើអាហ្វហ្គានីស្ថាន និងអាស៊ីកណ្តាល ជាកិច្ចប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យដែលទាក់ទងនឹងភាពចលាចលភូមិសាស្ត្រនយោបាយ ដែលកំពុងបន្តកើតមាន នៅអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា។
អ៊ីរ៉ង់បានបិទ ដែលបន្ទាប់មកបានបើកដែនអាកាសរបស់ខ្លួនឡើងវិញ ក្រោយរយៈពេលជិត ៥ម៉ោង កាលពីថ្ងៃពុធ ស្របពេលមានការព្រួយបារម្ភ អំពីវិធានការយោធាដែលអាចកើតមាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍លុបចោល ប្តូរផ្លូវហោះហើរ ឬពន្យារពេលជើងហោះហើរ។
ហើយបើយោងតាម FlightRadar24 បានឲ្យដឹងថា ទោះបីជាមានការបើកដែនអាកាសឡើងវិញក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន រួមទាំងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី និង TUI ជាដើម បានបន្តប្រើប្រាស់ផ្លូវហោះហើរជំនួសផ្សេង។
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចជាច្រើន បានប្តូរផ្លូវហោះហើររបស់ពួកគេ នៅតំបន់មជ្ឈិមបូព៌ា ដោយក្រុមហ៊ុនជាច្រើនហោះហើរពីលើប្រទេសអាហ្វហ្គានីស្ថានញឹកញាប់ជាងមុន ទោះបីជាមានការគ្រប់គ្រងដោយក្រុមតាលីបង់ក៏ដោយ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជៀសវាងពីតំបន់ជម្លោះដ៏ច្របូកច្របល់៕