បុរស ២នាក់ មកពីតំបន់ភាគខាងជើងអ៊ីរ៉ង់ និយាយនៅថ្ងៃព្រហស្បតិ៍នេះថា បាតុកម្មនៅទីនោះបានស្ងប់ស្ងាត់ទៅវិញច្រើនវិញហើយ ហើយសហរដ្ឋអាមេរិក មិនគួរធ្វើអន្តរាគមន៍នោះទេ ស្របពេលដែលពួកគេធ្វើដំណើរទៅដល់ប្រទេសទួរគី តាមព្រំដែនគោក ។
លោក Emran Kahir គឺជាបុរសជនជាតិឃើដ-អ៊ីរ៉ង់ មកពីទីក្រុង Urmia និយាយថា ភាពរំជើបរំជួលនៅអ៊ីរ៉ង់ បានស្ងប់ស្ងាត់ទៅវិញហើយ ប៉ុន្តែលោកបន្តថា លោកនៅមិនទាន់ដឹងច្បាស់នោះទេថាតើនឹងមានរឿងអ្វីកើតឡើងទៀត ។
លោកថា លោកពុំបានដឹងរឿងរ៉ាវនៅតំបន់ផ្សេងទៀតនោះទេក្នុងប្រទេសអ៊ីរ៉ង់ ដោយសារដាច់ប្រព័ន្ធអ៊ីនធឺណិត ។
លោក Mohammad Nevizadeh គឺជាបុរសជនជាតិអ៊ីរ៉ង់ម្នាក់ទៀត និយាយដែរថា ភាពចលាចលនៅក្នុងតំបន់បានបញ្ចប់ទៅវិញហើយ ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មិនអាចធ្វើអន្តរាគមន៍បាននោះទេ បើទោះបីជាមានការគំរាមកំហែងរបស់លោកក៏ដោយ ។
មន្ត្រីអាមេរិកបានបង្កើនវោហាសាស្ត្រប្រឆាំងអ៊ីរ៉ង់ ក្នុងអំឡុងពេលមានការតវ៉ាដែលបានរីករាលដាលពាសពេញប្រទេស ចាប់តាំងពីចុងខែធ្នូឆ្នាំមុនរហូតមក ដោយសារតែស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ។ កាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការខ្លាំងក្លា ប្រសិនបើអ៊ីរ៉ង់អនុវត្តការប្រហារជីវិតអ្នកតវ៉ា ៕