ក្រុមភ្ញៀវទេសចរ បាននាំគ្នាទស្សនាទេសភាពធ្លាក់ព្រិលដ៏ស្រស់បំព្រងនៅបឹង Bled ប្រទេសស្លូវេនី ស្របពេលដែលអាកាសធាតុត្រជាក់វាយប្រហារអឺរ៉ុប ។
សីតុណ្ហភាពនៅបឹង Bled ស្ថិតក្នុងជួរភ្នំ Julian Alps បានធ្លាក់ចុះដល់ក្រោម -១០អង្សាសេ ក្នុងសប្តាហ៍នេះ ធ្វើឲ្យបឹង ភូមិគ្រឹះ ព្រះវិហារ និងតំបន់ទេសចរណ៍ក្លាយជាដែនដីអច្ឆរិយៈ ។
អាកាសធាតុត្រជាក់ខ្លាំង និងព្រិលធ្លាក់ បានវាយប្រហារនៅទូទាំងអឺរ៉ុប ចាប់ពីទីក្រុងប៉ារីស រហូតដល់ប្រទេសប៉ូឡូញ បណ្តាលឲ្យមានការអាក់ខានច្រើនដល់ការធ្វើចរាចរណ៍ផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ភ្ញៀវទេសចរនៅបឹង Bled អាកាសធាតុព្រិលធ្លាក់ បានផ្តល់បទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ពួកគេ ។
លោក Mateja គឺជាភ្ញៀវទេសចរមួយរូបនិយាយថា បរិយាកាសនៅពេលល្ងាចពិតជាអស្ចារ្យខ្លាំងណាស់ ពីព្រោះថា ពួកយើងចង់ទៅលេងប្រសាទ ហើយវាពិតជាស្រស់ស្អាត និងរ៉ូមែនទិកខ្លាំងណាស់ ។ ការពិតនៅត្រង់ថា វាមានព្រិលធ្លាក់ខ្លាំង វាពិតជាអស្ចារ្យខ្លាំងណាស់ ។
លោកបន្តថា ពួកយើងបានធ្វើដំណើរមកបឹង Bled កាលពីថ្ងៃម្សិលមិញ ហើយផ្លូវនៅទីនេះ គ្មានសុវត្ថិភាពនោះទេ ជាហេតុធ្វើឲ្យរូបលោកជាប់ខ្លួននៅទីនេះតែម្តង ។
អាកាសធាតុត្រជាក់ និងធ្លាក់ព្រិលខ្លាំង ត្រូវបានគេព្យាករថា នឹងបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទៀត នៅបឹង Bled ៕