ក្រុមហាម៉ាសបានយល់ព្រមបោះបង់ការគ្រប់គ្រងលើតំបន់ហ្កាហ្សា និងប្រគល់អំណាចទាំងអស់ទៅឲ្យគណៈកម្មាធិការជំនាញដែលទើបបង្កើតថ្មី។ នេះបើយោងតាមទីប្រឹក្សារបស់មេដឹកនាំអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នាថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦)។
បន្ទាប់ពីមានការប្រកាសពីកិច្ចព្រមព្រៀង ស្ដីពីសមាជិក ១៥នាក់របស់គណៈកម្មាធិការនេះ លោកបណ្ឌិត Mahmoud al-Habash ទីប្រឹក្សាកិច្ចការសាសនារបស់មេដឹកនាំប៉ាឡេស្ទីន បាននិយាយថា ក្រុមហាម៉ាសបានប្រកាសថា ខ្លួននឹងប្រគល់ «អ្វីៗគ្រប់យ៉ាង» នៅតំបន់ហ្កាហ្សា ទៅឲ្យគណៈកម្មាធិការដែលត្រូវបានកំណត់ឲ្យគ្រប់គ្រងដែនដីនេះ ក្រោមផែនការដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
លោក Steve Witkoff បេសកជនពិសេសរបស់លោក Trump កាលពីថ្ងៃពុធ បានប្រកាសពីការចាប់ផ្តើម «ដំណាក់កាលទី២» នៃផែនការ ២០ចំណុច ដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្កាហ្សា។
បើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់អ្នកសម្របសម្រួលអេហ្ស៊ីប កាតា និងទួរគី បានឲ្យដឹងថា ក្រុមប្រឹក្សាជំនាញប៉ាឡេស្ទីនដែលមានសមាជិក ១៥រូប ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ នឹងដឹកនាំដោយលោក Ali Shaath អតីតអនុរដ្ឋមន្ត្រីនៅក្នុងអាជ្ញាធរប៉ាឡេស្ទីនគាំទ្រដោយលោកខាងលិច ដែលធ្លាប់ទទួលបន្ទុកការអភិវឌ្ឍតំបន់ឧស្សាហកម្ម។
លោក Al-Habash បាននិយាយថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ «ដើម្បីកុំឲ្យប៉ាឡេស្ទីនប្រឈមនឹងវិបត្តិផ្ទៃក្នុងម្តងទៀត»៕