ព្រិលធ្លាក់ខ្លាំង បានបង្កផលរំខានដល់ការធ្វើដំណើរ និងការធ្វើចរាចរណ៍លើដងផ្លូវ ក្នុងប្រទេសហូឡង់ ខណៈព្រិលធ្លាក់នេះដែរ គ្របដណ្តប់លើផ្លូវ បណ្តាលឲ្យមានការពន្យាពេលធ្វើដំណើរ និងបង្កជាឧបទ្ទេវហេតុគ្រោះថ្នាក់ផ្សេងៗ ។
ក្រុមអាជ្ញាធរ បានណែនាំឲ្យប្រជាពលរដ្ឋបន្តស្នាក់នៅក្នុងផ្ទះតាមដែលអាចធ្វើទៅបាន ស្របពេលដែលជើងហោះហើររាប់រយវ៉ុល ត្រូវបានលុបចោល ហើយរថភ្លើងនៅជុំវិញទីក្រុង Amsterdam បានជាប់គាំង ។
អាកាសយានដ្ឋាន Amsterdam Schiphol ដែលស្ថិតនៅក្នុងចំណោមអាកាសយានដ្ឋានដ៏មមាញឹកជាងគេបំផុតនៅអឺរ៉ុបនោះ បានលុបចោលជើងហោះហើរជិត ៥០០វ៉ុល ដោយសារព្រិលធ្លាក់ ។
ក្រុមហ៊ុនរថភ្លើង NS របស់ហូឡង់និយាយថា គ្មានរថភ្លើងខ្សែណាមួយប្រតិបត្តិការនោះទេនៅក្នុងតំបន់ជុំវិញទីក្រុង Amsterdam ហើយការដឹកជញ្ជូនសាធារណៈ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅតាមទីកន្លែងជាច្រើនទូទាំងប្រទេស ។
ព្រិលត្រូវបានគេរំពឹងថា បន្តធ្លាក់នៅប្រទេសហូឡង់ ពេញមួយសប្តាហ៍នេះតែម្តង ៕