រដ្ឋមន្ត្រីទេសចរណ៍ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរបរទេសចំនួន ៩៧លាននាក់ បានមកលេងកម្សាន្តនៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ២០២៥ ខណៈដែលវិស័យដែលជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចមួយនេះ បានបង្កើតកំណត់ត្រាថ្មី ជាឆ្នាំទី២ ជាប់ៗគ្នា។
លោក Jordi Hereu បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉ាឌ្រីដថា ការប៉ាន់ស្មានលើកដំបូង បានបង្ហាញពីការកើនឡើង ៣,៥ភាគរយលើតួលេខឆ្នាំ២០២៤ ដែលមានចំនួន ៩៤លាននាក់ ខណៈដែលការចំណាយរបស់ភ្ញៀវទេសចរ បានកើនឡើង ៦,៨ភាគរយ ពោលគឺដល់ចំនួន ១៣៥ពាន់លានអឺរ៉ូ (១៥៧ពាន់លានដុល្លារ)។
លោកបានបន្ថែមថា៖ «នេះគឺជាភាពជោគជ័យរួមរបស់ប្រទេសទាំងមូល ដែលបង្ហាញយ៉ាងល្អឥតខ្ចោះនូវភាពទាក់ទាញដ៏អស្ចារ្យរបស់ប្រទេសអេស្ប៉ាញ ពីព្រោះអេស្ប៉ាញ គឺជាប្រទេសដែលទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក»។
លោក Pedro Aznar សាស្ត្រាចារ្យនៅសាកលវិទ្យាពាណិជ្ជកម្ម Esade បាននិយាយថា ភ្ញៀវទេសចរភាគច្រើនជាជនជាតិអឺរ៉ុប ដោយអ្នកសម្រាកវិស្សមកាលជនជាតិអង់គ្លេស អាល្លឺម៉ង់ និងបារាំង មានចំនួនប្រហែលពាក់កណ្តាលនៃចំនួនភ្ញៀវទេសចរ។
មិនខុសពីប្រទេសជិតខាងអឺរ៉ុបខាងត្បូង គឺព័រទុយហ្គាល់ និងប្រទេសក្រិក អេស្ប៉ាញបានងើបឡើងវិញពីវិធានការរឹតត្បិតដ៏តឹងរ៉ឹងខ្លាំង និងបំណុលដ៏ធំ នៅដើមទសវត្សរ៍ឆ្នាំ២០១០ ដោយការស្ទុះឡើងវិញនូវវិស័យទេសចរណ៍ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ដើរតួនាទីយ៉ាងសំខាន់។
វិស័យទេសចរណ៍ តំណាងឲ្យប្រហែល ១៣ភាគរយនៃសេដ្ឋកិច្ចរបស់អេស្ប៉ាញដែលមានភ្ញៀវទេសចរច្រើនជាងគេលំដាប់ទី២ របស់ពិភពលោកបន្ទាប់ពីប្រទេសបារាំង ដោយកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន បានវ៉ាដាច់ប្រទេសដែលមានកម្រិតដូចគ្នាដទៃទៀត នៅសហភាពអឺរ៉ុប៕