
វិមានក្រឹមឡាំងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីនៅរង់ចាំសហរដ្ឋអាមរិកឆ្លើយតបចំពោះសំណើរបស់លោកប្រធានាធិបតី Vladimir Putin ដើម្បីបន្តក្រៅផ្លូវការរយៈពេលមួយឆ្នាំនូវការផ្តល់ជូនកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរសេសសល់ចុងក្រោយរវាងប្រទេសទាំង ២ ។
សន្ធិសញ្ញា New START គ្រោងនឹងផុតកំណត់ក្នុងរយៈពេល ៣សប្តាហ៍ទៀត ហើយលោកប្រធានាធិបតី Donald Trump ពុំបានឆ្លើយតបជាផ្លូវការនោះទេចំពោះការផ្តល់ជូនដែលលោក Putinបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំមុន ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា អត់ទេ ពួកយើងពុំទទួលបានការឆ្លើយតបនោះទេ ។ ពួកយើងពិតជារង់ចាំការឆ្លើយតបចំពោះគំនិតផ្តួចផ្តើមរបស់លោក Putin ពួកយើងចាត់ទុករឿងនេះថាជាប្រធានបទដ៏សំខាន់ខ្លាំងមួយ ។
កិច្ចព្រមព្រៀង New START ដែលត្រូវបានចុះហត្ថលេខាដោយលោកអតីតប្រធានាធិបតី Barack Obama និងលោកអតីតប្រធានាធិបតី Dmitry Medvedev កាលពីឆ្នាំ ២០១០ កំហិតអាវុធយុទ្ធសាស្រ្តដែលភាគីនិមួយៗនឹងត្រូវប្រើ ដើម្បីមានគោលដៅលើមន្ទីរយោធា និងមន្ទីរនយោបាយសំខាន់ៗ ក្នុងករណីដែលផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ។
វាគឺជាសន្ធិសញ្ញាចុងក្រោយគេក្នុងចំណោមសន្ធិសញ្ញាជាច្រើនទៀត មានតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០មកម្ល៉េះ ដែលបានជំរុញទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន រក្សាតុល្យភាពនុយក្លេអ៊ែឲ្យមានស្ថិរភាព បើទោះបីជាមានភាពតានតឹងអន្តរជាតិធ្ងន់ធ្ងរយ៉ាងណាក្តី ។
លោក Trumpនិយាយប្រាប់កាសែត New York Times ក្នុងខែនេះថា បើសិនជាវាផុតកំណត់ហើយ ឲ្យវាផុតកំណត់ទៅ ហើយលោកចង់ជំនួសសន្ធិសញ្ញាផ្សេងដែលមានមហិច្ឆិតាខ្លាំងជាងនេះ ដោយរួមបញ្ចូលចិនផងដែរ ។
ចិនដែលឃ្លាំងអាវុធរបស់ខ្លួនកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែនៅមានទំហំតូចជាងឃ្លាំងអាវុធរបស់ទីក្រុងមូស្គូ ឬទីក្រុងវ៉ាស៊ីនតោននោះ និយាយថា វាគ្មានហេតុផល និងគ្មានការពិតដែលត្រូវស្នើសុំឲ្យពួកគេចូលរួមកិច្ចប្រជុំរំសាយអាវុធ ៣ផ្លូវនោះទេ ៕