
នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីនបង្ហាញប្រតិកម្មទាំងភាពអស់សង្ឃឹម និងភាពមន្ទិលសង្ស័យ រយៈពេល ១ថ្ងៃ ក្រោយសហរដ្ឋអាមេរិកនិយាយថា ពួកគេកំពុងចាប់ផ្តើមដំណាក់កាលទី ២នៃផែនការបញ្ចប់សង្រ្គាមហ្កាហ្សា ។
ប្រជាពលរដ្ឋដែលជម្លៀសខ្លួនអស់រយៈពេលជាច្រើនខែដោយសារការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និយាយថា ផែនការនេះ ផ្តល់ការធានាតិចតួចខ្លាំងណាស់ ។
លោក Fayeq El Helou គឹជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបនិយាយថា តើដំណើរកាលទី ២ ឬមួយដំណាក់កាលទី ១ ដែលពួកគេកំពុងតែនិយាយហ្នឹង? ពួកគេពុំទាន់សូម្បីចាប់ផ្តើមដំណាក់កាលទី ១នៅឡើយផង តើពួកគេអាចចាប់ផ្តើមដំណាក់កាលទី ២បានយ៉ាងម៉េចកើត? ពួកគេបានទម្លាក់គ្រាប់បែកចាប់តាំងពីព្រឹកមិញ ពួកគេមានគោលដៅសង្កាត់ Tuffah និងសង្កាត់ Zeitoun ។
លោកបន្តថា តើដំណាក់កាលទី ២មួយណា ពួកយើងមិនចង់បានការសរសរតែនៅលើក្រដាសទេ ពួកយើងចង់បានការអនុវត្តជាក់ស្តែង ពួកយើងមិនចង់បានអ្វីដូចរាល់ដងនោះទេ គ្រាន់តែពាក្យនៅលើក្រដា ហើយបន្ទាប់មក អ្វីៗនៅតែដដែល ឬសូម្បីតែកាន់តែអាក្រក់ជាងមុនទៅទៀតនោះ ។
គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងចាប់ផ្តើមដំណាក់កាលទី ២នៃផែនការដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា ទោះបីជាលក្ខខណ្ឌសំខាន់ៗនៃដំណាក់កាលទី១ រួមមានបទឈប់បាញ់ទាំងស្រុងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែពុំទាន់បានបំពេញក៏ដោយ ។
ដំណាក់កាលទី ១ ត្រូវបានរង្គោះរង្គើដោយបញ្ហាជាច្រើន រួមទាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងតំបន់ហ្កាហ្សា ការបរាជ័យក្នុងការទទួលបានសាកសពចំណាប់ថ្នូរអ៊ីស្រាអែលចុងក្រោយម្នាក់ និងការពន្យារពេលរបស់អ៊ីស្រាអែលក្នុងការបើកឡើងវិញច្រកព្រំដែនតំបន់ហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប ៕