សហរដ្ឋអាមេរិក កាលថ្ងៃព្រហស្បតិ៍ (១៥ មករា) បានដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីរ៉ង់ចំនួន ៥រូប ដែលខ្លួនចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការបង្ក្រាបយ៉ាងហិង្សាលើបាតុកម្ម ហើយបាននិយាយថា ខ្លួនកំពុងតាមដានមូលនិធិរបស់បណ្ដាមេដឹកនាំអ៊ីរ៉ង់ ដែលត្រូវបានផ្ទេរទៅធនាគារអន្តរជាតិ ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែដាក់សម្ពាធលើទីក្រុងតេអេរ៉ង់។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ទណ្ឌកម្មលើលេខាធិការនៃក្រុមប្រឹក្សាជាន់ខ្ពស់សម្រាប់សន្តិសុខជាតិ ក៏ដូចជាកងឆ្មាំបដិវត្តន៍អ៊ិស្លាម និងបណ្ដាមេបញ្ជាការកងកម្លាំងអនុវត្តច្បាប់ ដោយចោទពួកគេថាជា «ស្ថាបត្យករនៃការបង្ក្រាបនេះ»។
ក្រៅពីបុគ្គល សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើពន្ធនាគារ Fardis របស់អ៊ីរ៉ង់ផងដែរ ជាទីដែលក្រសួងការបរទេសអាមេរិក បាននិយាយថា ស្ត្រីនៅទីនោះបាន "ស៊ូទ្រាំនឹងការប្រព្រឹត្តឃោរឃៅ អមនុស្សធម៌ និងបន្ទាបបន្ថោក"។
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយនៅក្នុងវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ថា សាររបស់ទីក្រុងវ៉ាស៊ីនតោន ទៅកាន់មេដឹកនាំអ៊ីរ៉ង់ គឺច្បាស់លាស់ណាស់ថា៖ "ក្រសួងរតនាគារអាមេរិក ដឹងថាអ្នកកំពុងផ្ទេរប្រាក់ដែលត្រូវបានលួចពីក្រុមគ្រួសារអ៊ីរ៉ង់ ទៅកាន់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅជុំវិញពិភពលោក យ៉ាងប្រញាប់ប្រញាល់"។
ថ្នាក់ដឹកនាំអ៊ីរ៉ង់ បានស្តីបន្ទោសប្រទេសអមិត្តយូរអង្វែងរបស់ពួកគេគឺ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះការញុះញង់ឱ្យមានចលាចល។ លោក Trump បានគំរាមម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ជំនួសនាមឱ្យក្រុមបាតុករនៅអ៊ីរ៉ង់ ជាទីដែលស្ថាប័នកាន់អំណាចបែបសាសនា បានបង្ក្រាបយ៉ាងខ្លាំងក្លាលើភាពចលាចលទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំមុនមក៕


