មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ក្រុមពន្លត់អគ្គិភ័យកូរ៉េខាងត្បូង ជិត ៣០០នាក់ ត្រូវបានដាក់ពង្រាយនៅថ្ងៃសុក្រ (១៦ មករា) នេះ ដើម្បីពន្លត់អគ្គិភ័យដ៏ធំមួយ នៅក្នុងតំបន់សំណង់មិនរៀបរយមួយកន្លែងនៃសង្កាត់អ្នកមានទ្រព្យ ហ្គាងហាំ (Gangnam) នៅភាគខាងត្បូងទីក្រុងសេអ៊ូល។
មន្ត្រីនៅទីស្នាក់ការកណ្តាលពន្លត់អគ្គិភ័យ និងគ្រោះមហន្តរាយទីក្រុងសេអ៊ូល បានប្រាប់សារព័ត៌មានរ៉យទ័រថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ ប៉ុន្តែប្រជាជនជិត ៥០នាក់ ត្រូវបានជម្លៀសចេញ។ មន្ត្រីរូបនេះបន្តថា អាជ្ញាធរបានបង្កើនការព្រមានពីអគ្គិភ័យដល់កម្រិតខ្ពស់ទីពីរ ដោយក្រុមអ្នកពន្លត់អគ្គិភ័យបារម្ភថា ចំហេះនឹងរាលដាលដល់ភ្នំក្បែរនោះ។
មន្រ្តីបាននិយាយទៀតថា រថយន្តពន្លត់អគ្គិភ័យសរុប ៨៥គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ប៉ុន្តែឧទ្ធម្ភាគចក្រមិនអាចបញ្ជូនទៅបានទេ ដោយសារតែបញ្ហាអាកាសធាតុ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុវត្ថិភាពកូរ៉េខាងត្បូង លោក Yun Ho-jung ដែលនិយាយថា លោកបានបញ្ជាឱ្យមន្ត្រី «ចល័តបុគ្គលិក និងឧបករណ៍ដែលមានទាំងអស់ ដើម្បីផ្តោតការយកចិត្តទុកដាក់យ៉ាងពេញទំហឹង លើការជួយសង្គ្រោះជីវិត និងពន្លត់អណ្ដាតភ្លើង»។
តំបន់សំណង់មិនរៀបរយនោះ ត្រូវគេស្គាល់ថាជាភូមិ Guryong គឺជាតំបន់លំនៅដ្ឋានដ៏ទ្រុឌទ្រោមមួយកន្លែងក្នុងសង្កាត់ Gangnam ដែលជាសង្កាត់មួយក្នុងចំណោមសង្កាត់សម្បូរអ្នកមានទ្រព្យជាងគេបំផុតរបស់ទីក្រុងសេអ៊ូល។ ភូមិនោះគ្រោងនឹងត្រូវបានអភិវឌ្ឍឡើងវិញទៅជាអគារលំនៅដ្ឋានខ្ពស់ៗ៕