ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ ១៥ មករាសប្ដាហ៍នេះចំពោះការចោទប្រកាន់ពីប្រធានាធិបតី Trump ថា អ៊ុយក្រែនកំពុងរារាំងកិច្ចព្រមព្រៀងសន្តិភាពក្នុងសង្គ្រាមដែលកំពុងបន្តជាមួយប្រទេសរុស្ស៊ី ដោយនិយាយថា ប្រទេសរបស់លោកនឹងមិនដែលជាឧបសគ្គសម្រាប់សន្តិភាពឡើយ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហោះលើបណ្ដាញសង្គម X ថា អ៊ុយក្រែនមិនធ្លាប់មាន ហើយនឹងមិនដែលជាឧបសគ្គចំពោះសន្តិភាពឡើយ។នៅពេលជនជាតិអ៊ុយក្រែនត្រូវបានទុកចោលដោយគ្មានថាមពលរយៈពេល ២០ទៅ៣០ ម៉ោងដោយសារតែរុស្ស៊ី ហើយនៅពេលដែលការវាយប្រហាររបស់រុស្ស៊ីមានគោលបំណងកម្ទេចប្រព័ន្ធថាមពល និងប្រជាជនរបស់លោក នោះគឺជាប្រទេសរុស្ស៊ីទៅវិញទេដែលត្រូវតែស្ថិតនៅក្រោមសម្ពាធ។នៅក្នុងវីដេអូមួយដែលអមដោយការបង្ហោះសាររបស់លោកជាមួយនឹងចំណងជើងដែលបកប្រែពីភាសាអ៊ុយក្រែន លោក Zelenskyy បាននិយាយថា លោកបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការទូតជាមួយអាមេរិក ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទថ្មីៗនេះជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte។
លោក Zelenskyy បាននិយាយនៅក្នុងវីដេអូថា វាគឺជាមីស៊ីលរុស្ស៊ី មីស៊ីល «Shaheds» របស់រុស្ស៊ី និងការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការបំផ្លាញអ៊ុយក្រែន ដែលជាភស្តុតាងច្បាស់លាស់ថា វាមិនមែនជាកិច្ចព្រមព្រៀងទាល់តែសោះដែលរុស្ស៊ីកំពុងស្វែងរក។
លោក Trump បានប្រាប់សារព័ត៌មាន Reuters ក្នុងសប្តាហ៍នេះថា លោកជឿជាក់ថា ប្រធានាធិបតីរុស្ស៊ីVladimir Putin ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ប៉ុន្តែអ៊ុយក្រែនមានការត្រៀមខ្លួនតិចតួច។ លោកប្រធានាធិបតីអាមេរិករូបនេះ បានហៅឈ្មោះលោក Zelenskyy ចំៗ ថាជាមនុស្សដែលរារាំងការចរចា មិនមែនជាលោក Putinនោះទេ ក្រោយមកទីក្រុងមូស្គូបានបង្ហាញការយល់ស្របជាមួយលោក Trumpដែលថា អ៊ុយក្រែនកំពុងរារាំងកិច្ចព្រមព្រៀងសន្តិភាព ៕