រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ មករា) ថា ខ្លួនមិនអាចទទួលយកបានទេដែលលោកខាងលិចចេះតែអះអាងថា រុស្ស៊ី និងចិន បានគំរាមកំហែងដល់កោះហ្គ្រីនលែន (Greenland) ហើយបាននិយាយថា វិបត្តិលើទឹកដីនេះបង្ហាញពីស្តង់ដារពីររបស់មហាអំណាចលោកខាងលិច ដែលតែអួតអាងថាខ្លួនមានឧត្តមភាពខាងសីលធម៌។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងយកកោះហ្គ្រីនលែនមកគ្រប់គ្រង ពីព្រោះបើខ្លួនមិនធ្វើដូច្នេះទេ នោះរុស្ស៊ី និងចិននឹងកាន់កាប់កោះនេះនាពេលអនាគត ហើយលោក៏បាននិយាយថា អាមេរិក មិនចង់ឱ្យប្រទេសទាំងនេះ ក្លាយជាអ្នកជិតខាងខ្លួនទេ។ ចាប់តាំងពីការគំរាមកំហែងរបស់លោក Trump មក បណ្ដាមេដឹកនាំអឺរ៉ុបខាងលិច បាននិយាយម្តងហើយម្តងទៀតដោយមិនបង្ហាញភស្តុតាងជាក់លាក់ថា រុស្ស៊ី និងចិន មានគម្រោងការណ៍លើកោះហ្រ្គីនលែន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានរិះគន់ និងជំរុញឱ្យលោកខាងលិចបញ្ឈប់សកម្មភាពអះអាងរបស់ខ្លួនទាំងនេះ ហើយបាននិយាយថា «ទាំងរុស្ស៊ី និងចិន មិនបានប្រកាសពីផែនការបែបនេះទេ» ដោយបន្ថែមថា «ពុំមានការពិតណាមួយត្រូវបានបង្ហាញ ដើម្បីគាំទ្រការអះអាងដែលថា រុស្ស៊ី និងចិនបានគំរាមកំហែងកោះហ្រ្គីនលែនឡើយ»។
ប្រទេសចិន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានជំរុញសហរដ្ឋអាមេរិក កុំឱ្យប្រើប្រាស់ប្រទេសដទៃ ជាលេសដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបាននិយាយថា សកម្មភាពរបស់ចិន នៅក្នុងតំបន់អាកទិក មានបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់នោះ៕