ភ្នំពេញ៖ កម្លាំងនគរបាលជានារីនៅខេត្តកោះកុង បាននឹងកំពុងបម្រើការងាររបស់ខ្លួនយ៉ាងមុតមាំ ចំពោះការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុខាភិបាល ជូនថ្នាក់ដឹកនាំសំខាន់ៗ និងប្រជាពលរដ្ឋមិនចាញ់កងកម្លាំងនគរបាលជាបុរសៗឡើយ។
ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ អត្រាកងកម្លាំងជានារី ត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារចំនួនគួរសមជាលំដាប់ ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាបំពេញបន្ថែមនៃបេសកម្ម ការងារចំពោះមុខផងដែរ។
លោកស្នងការ បានបញ្ជាក់ថា សព្វថ្ងៃនេះ ស្រ្តីវ័យក្មេងជាកងកម្លាំងនគរបាលនៅក្នុងខេត្តគឺបាន នឹងកំពុងបម្រើការងាររបស់ខ្លួនយ៉ាងមុតមាំឥតរុញរាលើកិច្ចការពារថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត មិនចាញ់កងកម្លាំងជាបុរសនោះទេ។ រីឯស្រ្តីជានគរបាលវ័យចំណាស់ ក៏បានចូលរួមពង្រឹងនូវវិធានការសុខាភិបាលយ៉ាងខ្លាំងក្លាណាស់ដែរ អំឡុងពេលរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីកងកម្លាំងប្រដាប់អាវុធទាំងមូលមានសុវត្ថិភាពសុខភាពល្អ។
បច្ចុប្បន្នស្នងការដ្ឋានខេត្តកោះកុង មានកម្លាំងនគរបាលជាស្រ្តីប្រមាណ៦៧នាក់ កំពុងបំពេញកិច្ច ការងារតាមការិយាល័យជំនាញរៀងៗខ្លួន ដោយមិនរាប់បញ្ចូលកងកម្លាំងនគរបាលវរៈការពារព្រំដែនទឹក ឬផែនអន្តោប្រវេសន៍នោះទេ។
បើតាមការឱ្យដឹងពីលោកស្រីឧត្តមសេនីយ៍ត្រី ពេជ្រ ស្រីពី ស្នងការរងនគរបាលខេត្ត រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី គឺបានប្រឹងប្រែងជំរុញលើកកម្ពស់សមភាព យេនឌ័រ ដើម្បីស្រ្តីបានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការកែប្រែឥរិយាបថសង្គមឱ្យទទួលស្គាល់ ព្រមទាំងចាត់ទុកស្រ្តី ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ សង្គមនិងវិស័យកងកម្លាំងប្រដាប់អាវុធជាដើម៕ អត្ថបទ៖ ឈឹម មករា