ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា បានប្រកាសពីការបង្កើត «ក្រុមប្រឹក្សាសន្តិភាព» សម្រាប់តំបន់ហ្កាហ្សា ជាធាតុផ្សំដ៏សំខាន់ដំណាក់កាលទីពីរនៃផែនការគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងដែនដីប៉ាឡេស្ទីន។ លោក Trump បានបង្ហោះនៅលើវេទិកា Truth Social របស់លោកថា «វាជាកិត្តិយសដ៏ធំធេងរបស់ខ្ញុំ ក្នុងការប្រកាសថា ក្រុមប្រឹក្សាសន្តិភាពត្រូវបានបង្កើតឡើង» ហើយសមាជិកនៃស្ថាប័ននេះនឹងត្រូវបានប្រកាស «ក្នុងពេលឆាប់ៗនេះ»។
លោក Trump បាននិយាយថា «ខ្ញុំអាចនិយាយដោយប្រាកដថា វាគឺជាក្រុមប្រឹក្សាដ៏អស្ចារ្យ និងសំខាន់បំផុតមិនធ្លាប់មានដែលបង្កើតឡើងនៅពេលណាមួយ និងនៅកន្លែងណាមួយ»។ ការបង្កើតក្រុមប្រឹក្សានេះធ្វើឡើងភ្លាមៗបន្ទាប់ពីការប្រកាសរបស់គណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីនដែលមានសមាជិក១៥រូប ទទួលបន្ទុកគ្រប់គ្រងអភិបាលកិច្ចតំបន់ហ្កាហ្សានៅក្រោយសង្គ្រាម។
គណៈកម្មាធិការនេះ នឹងធ្វើការក្រោមការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាសន្តិភាព ដែលលោក Trump ត្រូវបានគេរំពឹងថានឹងដឹកនាំ។ ផែនការនេះ ក៏អំពាវនាវឱ្យដាក់ពង្រាយកងកម្លាំងរក្សាស្ថេរភាពអន្តរជាតិ ដើម្បីជួយធានាសុវត្ថិភាពតំបន់ហ្កាហ្សា និងបណ្តុះបណ្តាលអង្គភាពនគរបាលប៉ាឡេស្ទីន។
ទន្ទឹមនឹងនេះ ក្រុមហាម៉ាសបានបដិសេធមិនព្រមប្តេជ្ញាចិត្តជាសាធារណៈចំពោះការរំសាយអាវុធទាំងស្រុងនោះទេ ជាការទាមទារដែលមិនអាចចរចាបានពីអ៊ីស្រាអែល។