សម្រាប់ប្រតិភូយុវជនបោះជំរំជាសកលលើកទី១១បាន នាំគ្នាសម្តែងរាត្រីវប្បធម៌ និងទំនៀមទម្លាប់វប្បធម៌ខ្មែរ ដោយតម្រូវឱ្យយុវជននាំគ្នាធ្វើខំខ្មែរជាច្រើនប្រភេទ ដើម្បីឱ្យយុវជនបានបង្ហាញ សមត្ថភាពតាមក្រុមរៀងៗខ្លួន ។
ក្រោយសម្តែងរាត្រីវប្បធម៌ និងកម្មវិធីទំនៀមទម្លាប់ខ្មែរ ដោយនាំគ្នាធ្វើនំខ្មែរ គឺយុវជនបោះជំរំចំនួន៣រូបបានប្រាប់ថា កម្មវិធីនេះពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានរៀបចំសម្តែងរាត្រីវប្បធម៌ ហើយឈុតឆាកសម្តែងនីមួយៗ ជាស្នាដៃរបស់ពួកគេតាមក្រុមជាអ្នករៀបចំ ដោយបង្កើតគំនិតជ្រើសរើសឈុតឆាកប្រពៃណីខ្មែរមកសម្តែង ហើយកម្មវិធីសម្តែងរាត្រីវប្បធម៌នេះ មានពេលវេលារៀបចំខ្លី ប៉ុន្តែពួកគេនៅតែអាចធ្វើបានយ៉ាងល្អ ជាមួយគ្នានេះពួកគេ សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ ដែលបានរៀបចំកម្មវិធីបោះជំរំ ដែលអាចធ្វើឱ្យពួកគេបានចូលរួម និងបានធ្វើឱ្យពួកគេមានឱកាសបានសម្តែង ពិតជាសប្បាយរីករាយណាស់។
សូមបញ្ជាក់ថា សម្រាប់កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០ ហើយកម្មវិធីបោះជំរំនេះ នឹងធ្វើពិធីបិទជាផ្លូវការនៅថ្ងៃទី១៧មករា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា រួមនឹងអន្តរក្រសួង៕ អត្ថបទ៖ គង់ រ៉េន







