សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករាថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកោះតៃវ៉ាន់ដើម្បីកាត់បន្ថយការដំឡើងពន្ធលើទំនិញមកពីកោះនេះ ខណៈបង្កើនការវិនិយោគរបស់ក្រុមហ៊ុនបន្ទះអេឡិចត្រូនិក និងបច្ចេកវិទ្យាតៃវ៉ាន់ នៅអាមេរិក។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះ «នឹងជំរុញឱ្យមានការផ្ទេរនៃវិស័យអេឡិចត្រូនិករបស់អាមេរិក»។ ក្រោមកិច្ចព្រមព្រៀង ទីក្រុងវ៉ាស៊ីនតោននឹងបន្ថយការដំឡើងពន្ធលើទំនិញតៃវ៉ាន់មកត្រឹម១៥ភាគរយ ធ្លាក់ចុះពីអត្រា «បដិការ» ២០ ភាគរយ ដែលមានន័យថានឹងដោះស្រាយឱនភាពពាណិជ្ជកម្ម និងការអនុវត្តរបស់សហរដ្ឋអាមេរិកដែលខ្លួនចាត់ទុកថាអយុត្តិធម៌។
ក្រសួងពាណិជ្ជកម្មបាននិយាយបន្ថែមថា ការដំឡើងពន្ធលើវិស័យជាក់លាក់សម្រាប់គ្រឿងបន្លាស់រថយន្ត ឈើ និងផលិតផលឈើរបស់កោះតៃវ៉ាន់ ក៏នឹងត្រូវបានកំណត់នៅត្រឹម១៥ភាគរយផងដែរ ខណៈឱសថទូទៅ និងធនធានធម្មជាតិមួយចំនួននឹងមិនប្រឈមពន្ធ «បដិការ» នោះទេ។

ទន្ទឹមនឹងនេះ អាជីវកម្មបន្ទះឈីបនិងបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ត្រូវបានកំណត់ធ្វើ «ការវិនិយោគផ្ទាល់ និងថ្មីសរុបយ៉ាងហោចណាស់២៥០ពាន់លានដុល្លារអាមេរិក» នៅសហរដ្ឋអាមេរិក ដើម្បីកសាង និងពង្រីកសមត្ថភាពក្នុងវិស័យដូចជាបន្ទះអេឡិចត្រូនិកទំនើប និងបញ្ញាសិប្បនិម្មិត(AI)។
ក្រសួងបាននិយាយថា កោះតៃវ៉ាន់ក៏នឹងផ្តល់«ការធានាឥណទានយ៉ាងហោចណាស់២៥០ពាន់លានដុល្លារអាមេរិក ដើម្បីសម្រួលដល់ការវិនិយោគបន្ថែមដោយសហគ្រាសតៃវ៉ាន់» ដើម្បីគាំទ្រដល់ភាពរីកចម្រើននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់បន្ទះអេឡិចត្រូនិករបស់សហរដ្ឋអាមេរិក។