នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានថ្លែងប្រាប់មេដឹកនាំចិន លោក Xi Jinping នៅក្នុងជំនួបកំពូលដ៏សំខាន់មួយ នាថ្ងៃសុក្រ (១៦ មករា) នេះថា ប្រទេសកាណាដា និងប្រទេសចិន កំពុងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ ដែលនឹងផ្តល់ផលចំណេញ «ជាប្រវត្តិសាស្ត្រ» ដោយការទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក។

ក្នុងនាមជានាយករដ្ឋមន្ត្រីកាណាដាដំបូងគេ ដែលបានទៅទស្សនកិច្ចប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៧ មក លោក Carney កំពុងបំពេញបេសកកម្មកសាងទំនាក់ទំនងឱ្យមានភាពកក់ក្ដៅឡើងវិញ ជាមួយដៃគូពាណិជ្ជកម្មធំទីពីររបស់កាណាដាបន្ទាប់ពីសហរដ្ឋអាមេរិក ក្រោយពីកិច្ចខិតខំប្រឹងប្រែងការទូតអស់រយៈពេលជាច្រើនខែដើម្បីដោះស្រាយភាពតានតឹងកាលពីមុន។
លោក Carney បានថ្លែងប្រាប់លោក Xi ថា «ជារឿងសំខាន់ណាស់ក្នុងការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រថ្មីនេះ ក្នុងពេលវេលាដ៏បែកបាក់» ដោយអំពាវនាវឱ្យផ្តោតលើវិស័យដែលអាចនាំមកនូវ «ផលប្រយោជន៍ជាប្រវត្តិសាស្ត្រ» សម្រាប់ភាគីទាំងពីរ ដូចជាកសិកម្ម កសិម្ហូបអាហារ ថាមពល និងហិរញ្ញវត្ថុជាដើម។ លោកបានបន្ថែមថា «ភាគីទាំងពីរអាចសម្រេចបានវឌ្ឍនភាពភ្លាមៗលើចំណុចទាំងនោះ និងប្រកបដោយចីរភាព»។
កាណាដា កំពុងសម្លឹងរកការពង្រឹងទំនាក់ទំនងជាមួយចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដាក់ពន្ធលើទំនិញមួយចំនួនរបស់ខ្លួន និងបានបង្ហើបថា សម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិកមួយនេះ អាចក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ ចំណែកប្រទេសចិន ដែលរងផលប៉ះពាល់ស្រដៀងគ្នានេះដោយពន្ធគយរបស់លោក Trump ក៏មានបំណងចង់សហការជាមួយកាណាដាផងដែរ ដែលជាប្រទេសសមាជិកក្រុម G7 ក្នុងដែនឥទ្ធិពលរបស់សហរដ្ឋអាមេរិក៕


