និយតករអ៊ីនធឺណិតរបស់ប្រទេសបាននិយាយកាលពីថ្ងៃសុក្រ ទី ១៦ ខែមករា ថា ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម បានបិទគណនីជិតប្រាំលានគណនីជាកម្មសិទ្ធិរបស់ក្មេងជំទង់អូស្ត្រាលី ត្រឹមតែមួយខែបន្ទាប់ពីបម្រាមលើកដំបូងលើពិភពលោក លើអ្នកដែលមានអាយុក្រោម១៦ឆ្នាំ បានចូលជាធរមាន ជាសញ្ញាមួយបង្ហាញថាចំណាត់ការនេះមានផលប៉ះពាល់យ៉ាងឆាប់រហ័ស និងទូលំទូលាយ។

នាយករដ្ឋមន្ត្រី លោក Anthony Albanese បាននិយាយថា រហូតមកដល់ពេលនេះ វេទិកានានាបានលុបចេញពីគណនីប្រហែល ៤,៧ លានគណនី ជារបស់អ្នកដែលមានអាយុក្រោម១៦ឆ្នាំ ដើម្បីអនុវត្តតាមច្បាប់ដែលបានចូលជាធរមានកាលពីថ្ងៃទី ១០ ខែធ្នូ។ ការអនុវត្តបម្រាមនេះ កំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយនិយតករនៅទូទាំងពិភពលោក។ ប្រទេសបារាំង ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី សុទ្ធតែបាននិយាយថា ពួកគេនឹងដាក់ចេញច្បាប់ស្រដៀងគ្នានេះ ខណៈប្រទេសមួយចំនួននៅអឺរ៉ុប និងរដ្ឋនៅអាមេរិកក៏កំពុងពិភាក្សាគ្នាបន្ទាប់ពីប្រទេសអូស្ត្រាលី ផងដែរ។

តួលេខទាំងនេះ បង្ហាញទិន្នន័យរបស់រដ្ឋាភិបាលដំបូងស្តីពីការអនុវត្តច្បាប់ និងបង្ហាញថាវេទិកានានាកំពុងមានចំណាត់ការសំខាន់ៗដើម្បីអនុវត្តតាមច្បាប់ដែលអាចធ្វើឱ្យពួកគេពិន័យជាប្រាក់រហូតដល់ ៤៩,៥ លានដុល្លារអូស្ត្រាលី (៣៣ លានដុល្លារ) ចំពោះការមិនអនុវត្តតាមច្បាប់ ប៉ុន្តែមិនធ្វើឱ្យកុមារ ឬឪពុកម្តាយរបស់ពួកគេទទួលខុសត្រូវនោះទេ។