កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានជ្រើសរើសលោក Yoon Suk-yeol មកពីគណបក្សអភិរក្សនិយមកម្លាំងប្រជាជន (People Power Party) ជាប្រធានាធិបតីទី២០ របស់ខ្លួនកាលពីថ្ងៃពុធ។ លោក Yoon បានប្រកាសជ័យជម្នះក្នុងការប្រកួតប្រជែងដ៏ប្រកៀកប្រកិត ជាមួយនឹងបេក្ខជនប្រធានាធិបតីលោក Lee Jae-myung មកពីគណបក្សកាន់អំណាចប្រជាធិបតេយ្យ។

អ្នកនយោបាយថ្មីថ្មោងមកពីគណបក្សអំណាចប្រជាជនបានយកឈ្នះលើលោក Lee Jae-myung មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចដោយមានសំឡេងឆ្នោតគាំទ្រ ៤៨.៦% ដល់ ៤៧.៨%។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសនេះបានឲ្យដឹងថា ប្រហែល ៧៧% នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតចំនួន ៤៤លាននាក់របស់ប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោត។ លោក Yoon នឹងជំនួសតំណែងប្រធានាធិបតីលោក Moon Jae-in។
លោក Yoon បានចូលប្រឡូកក្នុងឆាកនយោបាយកាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីមានអាជីពជារដ្ឋអាជ្ញាអស់រយៈពេល ២៧ឆ្នាំ។ លោកទទួលបានភាពល្បីល្បាញក្នុងអំឡុងពេលអាជីពរបស់លោក សម្រាប់ការកាត់ទោសយ៉ាងចាស់ដៃលើអ្នកលេងនយោបាយនានា រួមទាំងអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ផងដែរ៕
អត្ថបទ៖ សុខមាន