អ្នកជំនាញបានប្រាប់សារព័ត៌មាន AFP ថា ខណៈរុស្ស៊ី និងចិន ត្រៀមខ្លួនដើម្បីគាំទ្រអ៊ីរ៉ង់ដែលរងការតវ៉ា ក្រោមការគំរាមកំហែងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ការគាំទ្រនោះបានថយចុះក្នុងពេលប្រឈមទៅនឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិក។ អ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយសម្រាប់ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ដោយផ្តល់យានដ្រូនដល់រុស្ស៊ីនិងប្រេងដល់ប្រទេសចិន។ ប៉ុន្តែអ្នកវិភាគបានប្រាប់សារព័ត៌មាន AFP ថា មហាអំណាចទាំងពីរនឹងផ្តល់ជំនួយផ្នែកការទូត និងសេដ្ឋកិច្ចដល់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកស្រី Ellie Geranmayeh អ្នកជំនាញគោលនយោបាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកទំនាក់ទំនងការបរទេស បាននិយាយថា «ចិន និងរុស្ស៊ី មិនចង់ប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកលើបញ្ហាអ៊ីរ៉ង់ទេ»។ លោកស្រី បាននិយាយថា ទីក្រុងតេអេរ៉ង់ ទោះបីជាមានការខិតខំប្រឹងប្រែងល្អបំផុតរបស់ខ្លួនរយៈពេលជាច្រើនទសវត្សរ៍មកហើយក៏ដោយ ក៏មិនបានបង្កើតសម្ព័ន្ធភាពជាផ្លូវការជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដែរ។

លោកស្រី Geranmayeh និយាយថា ប្រសិនបើសហរដ្ឋអាមេរិក ធ្វើការវាយប្រហារលើអ៊ីរ៉ង់ «ទាំងចិន និងរុស្ស៊ី នឹងផ្តល់អាទិភាពដល់ទំនាក់ទំនងទ្វេភាគីរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោន»។
លោកស្រីអះអាងថា ប្រទេសចិនត្រូវតែរក្សាការផ្សះផ្សាគ្នា «ដោយទន់ភ្លន់» ជាមួយរដ្ឋបាលលោក Trump ខណៈរុស្ស៊ីចង់រក្សាសហរដ្ឋអាមេរិកឱ្យចូលរួមក្នុងការចរចាស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។